សេចក្តី​ព្រាង​ច្បាប់ ស្តីពី​ ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា និង​វៀតណាម ឆ្លង​ផុត​ព្រឹទ្ធសភា​ហើយ​!​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែវិច្ឆិកា​នេះ ព្រឹទ្ធសភា បាន​ប្រជុំ​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ សេចក្ដីព្រាងច្បាប់​នេះ ត្រូវបាន​រដ្ឋសភា ប្រជុំពិភាក្សា និង​អនុម័ត កាលពី​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០​។ 

​ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ដ្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន បាន​ដឹកនាំ​ប្រតិភូ ចូលរួម​កិច្ចប្រជុំ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា​នេះ ដើម្បី​ការពារ​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

 ឯកឧត្តម ទេសរដ្ឋមន្ត្រី វ៉ា គីម​ហុង លើកឡើងថា សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម តាក់តែង​ឡើងជា​លាយលក្ខណ៍​អក្សរ មាន​ចំណងជើង​នៃ​ច្បាប់ ចែកជា ០៣​មាត្រា និង​មាន​សេចក្ដីថ្លែងហេតុ បញ្ជាក់​អំពី​ហេតុផល និង​គោលបំណង​ច្បាស់លាស់ គឺ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ណា​ច​កម្ពុជា មានការ​ប្ដេជ្ញាចិត្ត​ដ៏​មោះមុត និង​សុ​ឆន្ទៈ ដើម្បី​សម្រេច​ឱ្យបាន​ព្រំដែន​កម្ពុជា ជាមួយ​ប្រទេសជិតខាង ដោយ​ឈរលើ​មូលដ្ឋាន​គោរព​ឯករាជ្យ អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្របតាម​មាត្រា​២ ជំពូក​ទី​១ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សុភមង្គល និង​ភាពរុងរឿង​របស់​ប្រជាជាតិ និង​ប្រជាជន​កម្ពុជា ប្រែក្លាយ​តំបន់​ព្រំដែន​ទៅជា​ព្រំដែន​មាន​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​ប្រទេស​ភូមិ​ផង​របង​ជាមួយ ស្របតាម​គោលការណ៍​ច្បាប់​ជាតិ និង​ការអនុវត្ត​ជា​អន្ដរជាតិ ស្ដីពី បញ្ហា​ព្រំដែន​។ 

​ឯកឧត្តម បន្ថែមថា យោងតាម​ចំណុច​ទី​៣ និង​ទី​៤ ប្រការ​៤ នៃ​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ទៅលើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ចុះ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០០៥ បានអនុញ្ញាត​ឱ្យ​ភាគី​ទាំងពីរ ផលិត​ផែនទី​ព្រំដែន​រដ្ឋ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ធ្វើ​ពិធីសារ ស្ដីពី ការបោះបង្គោល​ខណ្ឌសីមា​ព្រំដែន​គោក​រវាង​ប្រទេស​ទាំងពីរ រួមមាន ឯកសារ​លម្អិត​ស្ដីពី​ព្រំដែន បណ្ដា​បង្គោល​ព្រំដែន និង​ផែនទី​ព្រំដែន ដើម្បី​សម្ដែងឡើង​នូវ​ទិស​ដើរ​នៃ​ខ្សែ​ព្រំដែន ព្រមទាំង​ទីតាំង​បង្គោល​ព្រំដែន ដែល​ស្ថិតនៅតាម​បណ្ដោយ​ព្រំដែន​ទាំងមូល​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី វ៉ា គីម​ហុង បន្ថែមថា កិច្ចខិតខំ​ប្រឹងប្រែង​នេះ បាន​ជំរុញ​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម្រេចបាន​នូវ​សមិទ្ធផល​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក ៨៤% នៃ​ខ្សែ​ព្រំដែន​រួម ដែល​ក្នុងនោះ​ខណ្ឌសីមា​ព្រំដែន បាន​ប្រវែង ១ ០៤៥​គីឡូម៉ែត្រ និង​បោះបង្គោល​ព្រំដែន​ធំ បាន​ចំនួន ៣១៥​បង្គោល បង្គោល​ខណ្ឌសីមា​ព្រំដែន​បាន​ចំនួន ១ ៥១១​បង្គោល បង្គោល​តម្រុយ​ព្រំដែន បាន​ចំនួន ២២១ និង​ចំណុច​ពិសេស ដើម្បី​ធ្វើឱ្យ​ច្បាស់​ទិស​ដើរ​នៃ​ខ្សែ​ព្រំដែន នៅ​លើដី​ជាក់ស្ដែង​ចំនួន ១ ០០០ សរុប​មាន​ចំនួន ៣ ០៤៧​បង្គោល នៅលើ​ដី និង​នៅលើ​ផែនទី​។ 

 ​ចំណែកឯ​ឧ​ត្ត​ម សុខ ឥសាន សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និង​មុខងារសាធារណៈ បាន​លើកឡើងថា សេចក្ដីព្រាងច្បាប់​នេះ ជា​ឯកសារ​បច្ចេកទេស​ផ្លូវច្បាប់ ដែល​បាន​កត់​ត្រាទុក​យ៉ាង​លម្អិត​ខ្សែ​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែលជា​ការធានា​ការពារ​បូរណភាព​ទឹកដី​កម្ពុជា ក្នុង​រង្វង់​ក្រឡា​ផ្ទៃ ១៨១.០៣៥ គីឡូម៉ែត្រ​ក្រឡា ដោយ​ផ្អែកលើ​ផែនទី​បោ​ន​ខ្នាត ១/១០០ ០០០ ដែល​បន្សល់ទុក​ដោយ​អាណានិគមនិយម​បារាំង ដូច​មាន ចែង​ក្នុង​មាត្រា​២ ជំពូក​ទី​១ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​តម្កល់​ទុកជា​ឯកសារ នៅ​អង្គការសហប្រជាជាតិ ដែល​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ជា​មូលដ្ឋាន ក្នុងការ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន អមដោយ​ផែនទី​ឋានលេខា​ព្រំដែន​គោក​ខ្នាត ១/២៥ ០០០ ចំនួន ៩២​ផ្ទាំង ដែល​រំលេច​បង្គោល​ព្រំដែន​នៅលើ​ផែនទី និង​មាន​កត់ត្រា​និយាម​កា​ច្បាស់លាស់ ដើម្បី​កត់សម្គាល់ សមិទ្ធផល ៨៤% ដែល​សម្រេចបាន ដែលជា​ឯកសារ​គ្រឹះ​រឹងមាំ ក្នុងការ​ការពារ​បូរណភាព​ទឹកដី​កម្ពុជា ដោយ​កំណត់​ខ្សែ​ព្រំដែន​មិន​កែប្រែ​រឹងមាំ យូរអង្វែង​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ និង​បង្កើន​ទំនាក់ទំនង​អ្នកជិតខាង​ល្អ ថែរក្សា​បាន​នូវ​ព្រំដែន​សន្ដិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​រវាង​ប្រជាជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ លទ្ធផល​នេះ គឺជា​ជោគជ័យ​នៃ​ការអនុវត្ត​ជាក់ស្ដែង​នូវ​នយោបាយ​ដ៏​ត្រឹមត្រូវ របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ការពារ​ឯក​រាជ្យ អធិបតេយ្យភាព និង​បូរណភាព​ទឹកដី និង​ទទួលខុសត្រូវ​ចំពោះ​ប្រវត្តិសាស្ដ្រ ប្រទេសជាតិ​កម្ពុជា ស្របតាម​មាត្រា​៥២ ជំពូក​ទី​៤ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូម​រម្លឹកថា ក្រៅពី​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កិច្ចប្រជុំពេញអង្គ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ ក៏បាន​ប្រជុំ​ពិនិត្យ ឲ្យ​យោបល់ និង​អនុម័ត​លើ​របៀបវារៈ ៥​ទៀត រួមមាន​៖ សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា ស្តីពី ការហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​។ សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទីមួយ ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង ស្តីពី ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ រវាង​រដ្ឋ​ជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​ជប៉ុន​។ សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អនុវត្ត​កញ្ចប់​សន្យា​ទី​១០ ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្តីពី សេវាកម្ម​។ សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តីពី ការវិនិយោគ​ក្រោម​កិច្ចព្រមព្រៀង​ក្របខណ្ឌ ស្តីពី កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយ​រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា​។ សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តីពី ការវិនិយោគ​រវាង​បណ្តា​រដ្ឋ​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​រដ្ឋបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕​

អត្ថបទដែលជាប់ទាក់ទង
អភិបាលរាជធានីភ្នំពេញ ចុះចែកម៉ាស់តាមដងផ្លូវ ​និងណែនាំឲ្យប៉ូលិសចរាចរណ៍បន្តចែកជូនពលរដ្ឋដែលមិនពាក់ម៉ាស់​
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត បន្តចុះសួរសុខទុក្ខ​ ​និង​​ចែក​អំណោយរបស់ស​ម្តេ​ច​តេ​ជោ​ ហ៊ុន​ សែន​ ​​និង​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​​ជូន​ប្រជាពលរដ្ឋ​ចំនួន ៣២០០គ្រួសារ នៅខេត្តកំពង់ចាម​
ព័ត៌មានជាតិ
ម៉ាស់ ដែលជាការឧបត្ថម្ភរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ ​ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ​ ​ក្នុងម្នាក់ ទទួលបានម៉ាស់ចំនួន២​ ​
ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជាអះអាងថា​ ឧប្បត្តិហេតុនៃការចម្លងជំងឺកូវីដ១៩នេះ ​មិនអាចធ្វើឲ្យប៉ះពាល់ដល់មិត្តភាពជ្រាលជ្រៅ​ នៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសហុងគ្រីនោះទេ​
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះសួរសុខទុក្ខ និងចែកស្រូវពូជ ​ជូនប្រជាពលរដ្ឋខ្វះខាត​ នៅស្រុកបាភ្នំ ខេត្តព្រៃវែង​
ព័ត៌មានជាតិ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដឹកនាំ​ប្រតិភូ ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន តាម​ប្រព័ន្ធ​វិ​ដេ​អូ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី