(ភ្នំពេញ)៖ ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញចុះចែកម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ និងមន្ត្រីតាមគោលដៅ ក្នុងម្នាក់ទទួលបានម៉ាស់ចំនួន២ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។
តាមរយ:សាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលម៉ាស់ចំនួន ២០,០០០ (ពីរម៉ឺន) ដែលជាការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យក្រសួងសុខាភិបាលបញ្ចេញម៉ាស់ចំនួន ២ ០០០ ០០០ ( ពីរលាន ) ម៉ាសក្រណាត់ ពីឃ្លាំងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ ដែលខ្វះខាតក្នុងសហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញ៕




