(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ផៃ ស៊ីផាន បានបំភ្លឺតាមបណ្តាញសង្គមផ្ទាល់ខ្លួននៅមុននេះបន្តិចថា មានសារសំឡេងបានផ្សាយប្រឌិតអំពីស្ថានភាពនៃការបិទទីក្រុងភ្នំពេញ ឬចំណែកណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគេបានប្រឌិតថា មាន «លិខិតចេញពីគណៈរដ្ឋមន្ត្រីចូលទៅរាជវាំង សុំហត្ថលេខាពី សម្តេច សីហមុនី ដើម្បីបិទក្រុង...»។
ឯកឧត្តម ផៃ ស៊ីផាន បញ្ជាក់បំភ្លឺថា «នេះគឺជាការប្រឌិតព័ត៌មាន ដោយគ្មានហេតុផល និងគ្មានមូលដ្ឋានច្បាស់នោះឡើយ» ហើយសង្កត់បញ្ជាក់ថា «សូមគោរពជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា មេត្តារក្សាភាពស្ងប់ស្ងៀម កុំចាញ់បោកការឃោសនាអកុសលនេះ។ សមត្ថកិច្ចប្រឆាំងនិងព័ត៌មានក្លែងក្លាយ នឹងចាត់វិធានការផ្លូវច្បាប់ ដើម្បីរក្សាសណ្ឋាប់ធ្នាប់ និងសន្ដិសុខជាតិ»៕



