(សហរដ្ឋអាមេរិក)៖ រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ រហូតមកដល់ពេលនេះ បានបដិសេធមិនចុះហត្ថលេខាលើឯកសារសំខាន់ដែលត្រូវការ ដើម្បីចាប់ផ្តើមដំណើរការផ្លាស់ប្តូរជាផ្លូវការនោះទេ ខណៈពេលដែលគាត់នៅតែបន្តអះអាងពីការលួចបន្លំសន្លឹកឆ្នោត ហើយបដិសេធមិនទទួលស្គាល់លទ្ធផលការបោះឆ្នោតនេះទេ។
នៅក្នុងសប្តាហ៍នេះ ភ្នែកទាំងអស់គឺផ្តោតលើការប្រព្រឹត្តិទៅនៃរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ, ការតតាំងលើលទ្ធផលឆ្នោត, និងកិច្ចប្រឹងប្រែងរបស់លោក ចូ បៃដិន ក្នុងការរៀបចំក្រុមការពារសន្លឹកឆ្នោតនៅតុលាការផង និងទៅដណ្តើមអំណាចរដ្ឋបាលពីលោក ដូណាល់ ត្រាំ ផង។
ក្រុមយោធានៅមន្ទីរប៉ង់តាហ្គោន ដែលជាទីបញ្ជាការយោធាដ៏ធំទី១របស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា យោធាមិនជ្រើសរើសអ្នកណាដែលឈ្នះការបោះឆ្នោតនោះទេ ប៉ុន្តែផ្ទុយទៅវិញ «នឹងធ្វើការជាមួយបេក្ខជនដែលទទួលបានជ័យជម្នះលើការបោះឆ្នោតស្របតាមរដ្ឋធម្មនុញ្ញ»។
ចំណែកការិយាល័យនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់អាមេរិក ក៏បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃចន្ទថា លោក ចូ បៃដិន និងមនុស្សជំនិតដទៃទៀត មិនទាន់អាចទទួលរបាយការណ៍សង្ខេប ក្នុងឋានៈជាប្រធានាធិបតីនៅឡើយទេ»។
លើសពីនេះទៀត ក្រុមការងារសម្រាប់ការផ្លាស់ប្តូរប្រធានាធិបតី ដែលជាក្រុមឯករាជ្យ បានចេញសេចក្តីថ្លែងការណ៍មួយនៅល្ងាចថ្ងៃអាទិត្យនេះដែរថា «ឥឡូវនេះ បញ្ហាប្រឈមពិតប្រាកដចាប់ផ្តើម។ យើងទទូចដល់រដ្ឋបាល Trump ឱ្យចាប់ផ្តើមដំណើរការផ្លាស់ប្តូរក្រោយការបោះឆ្នោតហើយក្រុម Biden ត្រូវទាញយកផលប្រយោជន៍ពេញលេញពីធនធានដែលមាននៅក្នុងច្បាប់ស្តីពីការផ្លាស់ប្តូរប្រធានាធិបតី»។
ទោះបីជាយ៉ាងណា ការវិភាគមើលឃើញថា ការផ្ទេរអំណាចនៅសហរដ្ឋអាមេរិកក្នុងពេលនេះ កំពុងស្ថិតក្នុងភាពអាចប្រកាសអាសន្ន ហើយប្រឈមការលំបាកជាងការរំពឹងទុក៕



