(អន្តរជាតិ)៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសថា លោកបានតេស្តវិជ្ជមានជំងឺ COVID-19។ នេះបើយោងតាមការចុះផ្សាយរបស់ New York Post នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។ ប្រធានាធិបតីវ័យ ៤២ឆ្នាំរូបនេះ បាននិយាយថា គាត់មានសុខភាពល្អទេ លោកកំពុងធ្វើចត្តាឡីស័កតាមវិធានរបស់ក្រសួងសុខាភិបាល។
លោក Zelensky បានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖«គ្មានអ្នកមានសំណាងណាដែល COVID-19 មិនអាចបង្កការគំរាមកំហែងដល់ពួកគេឡើយ។ ទោះបីមានវិធានការដាច់ដោយឡែកក៏ដោយ ខ្ញុំបានធ្វើតេស្តវិជ្ជមាន។ ខ្ញុំមានសុខភាពល្អទេ ហើយនឹងទទួលយកវីតាមីនឱ្យបានច្រើន។ ខ្ញុំសន្យាថានឹងនៅដោយឡែក ប៉ុន្តែនឹងបន្តធ្វើការដូចធម្មតា។ ខ្ញុំនឹងយកឈ្នះលើជំងឺ COVID-19 ដូចមនុស្សភាគច្រើនធ្វើដែរ»។
គួរឱ្យដឹងដែរថាប្រទេសអ៊ុយក្រែន ដែលជាប្រទេសមានប្រជាជនជិត ៤២ លាននាក់ បានរាយការណ៍ថាមានការឆ្លងជំងឺ COVID-19 ខ្ពស់ជាងគេទី៩ នៅអឺរ៉ុប។ មានករណីសរុបចំនួន ៤៦៩,០១៨ ត្រូវបានបញ្ជាក់ ខណៈមានមនុស្សស្លាប់ ៨,៥៦៥ នាក់៕




