(ភ្នំពេញ)៖ នៅព្រឹកព្រលឹមថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសថា ចំនួនអ្នកប៉ះពាល់ជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ដែលបានធ្វើតេស្តរកវីរុសកូវីដ១៩ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន ៤៩នាក់ ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់គ្នា។ ដូច្នេះ ចំនួនសរុបអ្នកប៉ះពាល់ទាំងអស់ មាន ៨៨៩នាក់ សម្រាប់ថ្ងៃទី៤ ថ្ងៃទី៥ និងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់។
ទោះជាយ៉ាងនេះក្តី ក្រសួងសុខាភិបាល នៅតែប្រកាសក្រើនរម្លឹកជូនដល់អ្នកដែលប៉ះពាល់ទាំងអស់ ដែលមានលទ្ធផលតេស្តលើកទី១ អវិជ្ជមានវីរុសកូវីដ១៩ ត្រូវបន្តធ្វើចត្តាឡីស័ក នៅតាមគេហដ្ឋានឲ្យបានត្រឹមត្រូវ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយសូមវិលត្រឡប់មកធ្វើតេស្តឡើងវិញ ចំនួន ៣ដងទៀត នៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានរៀបចំទីតាំងយកវត្ថុសំណាក សម្រាប់ធ្វើតេស្តវីរុសកូវីដ១៩ ចាប់ពីម៉ោង ៧ព្រឹក ទៅតាមកាលបរិច្ឆេទ ដូចខាងក្រោមនេះ៖ លើកទី២ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០។ លើកទី៣ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ និងលើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
សូមរម្លឹកថា រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី បានមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ នៅពេលលោក ទៅដល់ប្រទេសថៃ នាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក៏ត្រូវបានពិនិត្យឃើញមានផ្ទុកមេរោគកូវីដ១៩ តែលោកមិនមានរោគសញ្ញាអ្វីឡើយ។
ភ្លាមៗ នៅកម្ពុជា បានធ្វើតេស្តរកមេរោគកូវីដ១៩ លើអ្នកដែលបានប៉ះពាល់ជាមួយលោករដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី។ ក្នុងនោះ ក៏មានសម្តេចតេជោ និងរដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី និងអ្នកកាសែតជាច្រើនផ្សេងទៀត។ តែលទ្ធផលសុទ្ធតែបញ្ជាក់ថា មិនមាននរណាម្នាក់ ឆ្លងមេរោគកូវីដ១៩ឡើយ។
យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងអ្នកកាសែត ដែលបានប៉ះពាល់ និងធ្វើតេស្តលើកទី១ ទទួលលទ្ធផលអវិជ្ជមាននេះ បានធ្វើចត្តាឡីស័ក ឬដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ តាមការកំណត់ និងវិធានអនាម័យរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន៕




