(ភ្នំពេញ)៖ ឯកឧត្ដមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានបន្តអំពាវនាវដល់កងទ័ពទាំងអស់ត្រូវរួមគ្នាការពារឲ្យបានដាច់ខាតនូវសន្តិភាព និងស្ថេរភាពសង្គមដើម្បីផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍកម្ពុជាបន្តទៅទៀត។
ការបន្តអំពាវនាវនេះក្នុងពេលដែលឯកឧត្ដមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានបន្តនាំយកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនកងទ័ពនៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ខណៈដែលរដូវរងាបាននិងកំពុងឈានមកដល់។ ទំព័រហ្វេសប៊ុករបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទបានឲ្យដឹងថា ពិធីចែកអាវរងាបានប្រារព្ធធ្វើឡើងនៅទីបញ្ជាការការពារកោះឆ្នេរ ស្ថិតក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការអមដំណើរពីថ្នាក់ដឹកនាំ នាយទាហានជាច្រើនរូបផងដែរ។
ក្នុងពិធីនេះអគ្គមេបញ្ជាការបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមេបញ្ជាការ នាយនាវី នាយនាវីរង និងពលនាវឹក ដែលបានបូជាកម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ការពារសន្តិភាព ក៏ដូចជាការងារហ្វឹកហ្វឺន និងកសាងអង្គភាព។
ឯកឧត្ដមនាយឧត្តមសេនីយ៌វង្ស ពិសេន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខកងទ័ព និងតែងជំរុញការដោះស្រាយរាល់បញ្ហារបស់បងប្អូនកងទ័ពយើង។ ជាក់ស្ដែងកន្លងមកនេះ សម្តេចតែងបានចាត់តំណាងឲ្យនាំយកអាវភ្លៀងផ្តល់ជូនមុននៅរដូវភ្លៀង និងផ្តល់អាវរងានៅមុនរដូវរងាមកដល់។ ជាមួយគ្នានេះឯកឧត្ដមនាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏នៅបានលើកបង្ហាញពីការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោហ៊ុន សែន ដែលទាមទារឲ្យកងទ័ពត្រូវរួមគ្នាថែរក្សា និងការពារឲ្យបាននូវសមិទ្ធផលទាំងអស់នេះ ដោយមិនត្រូវឲ្យជនអគតិណាមកបំផ្លិចបំផ្លាញនោះឡើយ។
បើតាមឯកឧត្ដមនាយឧត្ដមសេនីយ៍ គឺសុខសន្តិភាពដែលកំពុងកើតមាននៅកម្ពុជានេះ គឺបានដោយលំបាកដោយការធ្វើពលិកម្មរាប់មិនអស់ និងមានសារសំខាន់ខ្លាំងណាស់សម្រាប់ជាតិ និងប្រជាជន។ ក្នុងន័យនេះនាយឧត្តមសេនីយ៍ បានអំពាវនាវដល់កងទ័ពទាំងអស់ត្រូវរួមគ្នាការពារឲ្យបានដាច់ខាតនូវសន្តិភាព និងស្ថេរភាពសង្គម ដើម្បីផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍកម្ពុជាបន្តទៅទៀត។
នៅក្នុងឱកាសដដែលនេះដែរឯកឧត្ដមអគ្គមេបញ្ជាការ ក៏បានថ្លែងគុណដល់កងកម្លាំងទាំងអស់អស់ដែលបានចូលរួមក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយ ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកថ្មីៗនេះ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ។ ទន្ទឹមនោះនាយឧត្ដមសេនីយ៍ បានផ្តាំផ្ញើបន្ថែមដល់កងកម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋក្នុងការងារដកស្ទូង និងប្រមូលផលផងដែរ។
តំណាងឲ្យនាយនិងពលនាវឹកទាំងអស់លោកឧត្ដមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការការពារកោះឆ្នេរ បានសម្តែងការសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចតេជោហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានឧបត្ថម្ភអាវរងា ដល់កងកម្លាំងនាពេលនេះ។ លោកមេបញ្ជាការបានប្តេជ្ញាដាច់ខាត អនុវត្តភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោហ៊ុន សែន និងប្រឆាំងដាច់ខាតនូវរាល់ទង្វើរបស់ជនទុច្ចរិត និងជនអគតិទាំងឡាយ ដែលតែងតែប្រឌិត មូលបង្កាច់ប្រជាភិថុតិ ក្នុងចេតនាអាក្រក់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕ 



