(ភ្នំពេញ)៖ ឯកឧត្តម ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំប្រជុំពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ ដែលមានសមត្ថភាពផលិតទឹកស្អាត ១៩៥ពាន់ម៉ែត្រគូប/ថ្ងៃ។
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី១នេះ សាងសង់ឡើងក្រោមកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ និងធនាគារវិនិយោគអឺរ៉ុប។
រោងចក្រនេះបានចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ អនុវត្តការងារសាងសង់ដោយក្រុមហ៊ុនសាងសង់ Vinci Construction Grands Projects និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Safege Consulting Engineers។
ជារួមគិតមកដល់ថ្ងៃនេះ ការសាងសង់រោងសម្រេចបានប្រមាណ ១០% នៃទំហំការងារសាងសង់ទាំងមូល និងគ្រោងបញ្ចប់ការសាងសង់ ព្រមទាំងដាក់ឲ្យដំណើរការផលិតទឹកស្អាតនៅក្នុងឆ្នាំ២០២២ខាងមុខ៕




