(វ៉ាស៊ីនតោន)៖ បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃឌិន បន្ទាប់ពីឈ្នះក្នុងរដ្ឋ Wisconsin និងរដ្ឋ Michigan លោកបាននិយាយថាលោកកំពុងឆ្ពោះទៅរកជ័យជម្នះលើ លោក ដូណាល់ ត្រាំ ស្របពេលរដ្ឋបាលលោក ត្រាំ បានដាក់ពាក្យតវ៉ាតាមផ្លូវច្បាប់ស្នើឱ្យមានការរាប់សន្លឹកឆ្នោតជាថ្មី។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក ចូ បៃឌិន បានថ្លែងថា៖ «បន្ទាប់ពីការរាប់សន្លឹកឆ្នោតពេញមួយយប់ វាច្បាស់ណាស់ថាយើងនឹងទទួលបានអ្នកបោះឆ្នោតតំណាងគ្រប់គ្រាន់ចំនួន២៧០ ដើម្បីជាប់ឆ្នោតជាប្រធានាធិបតី»។ លោកបន្ថែមថា «ខ្ញុំនៅទីនេះមិនមែនប្រកាសពីជ័យជម្នះទេ តែខ្ញុំមកទីនេះដើម្បីរាយការណ៍ នៅពេលការរាប់សន្លឹកឆ្នោតត្រូវបានបញ្ចប់ យើងជឿជាក់ថាយើងគឺជាអ្នកឈ្នះ»។
សូមជម្រាបថាគិតត្រឹមព្រឹកថ្ងៃទី៥ ខែវិច្ឆិកានេះ បើតាមលទ្ធផលបច្ចុប្បន្ន លោក ចូ បៃដិន កំពុងនាំមុខលោក ដូណាល់ ត្រាំ ដោយទទួលបានសម្លេងឆ្នោត ២៦៤ ទល់នឹង ២១៤ មានន័យថា លោក ចូ បៃឌិន ត្រូវការតែ៦សម្លេងទៀតប៉ុណ្ណោះលោកនឹងទទួលជ័យជម្នះ៕



