(អន្តរជាតិ)៖ អ្នកច្នៃម៉ូដដ៏ល្បីល្បាញបំផុតរបស់ប្រទេសជប៉ុនលោក Kenzo Takada ដែលជាស្ថាបនិកយីហោពិភពលោក Kenzod បានទទួលមរណភាពនៅក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃអាទិត្យក្នុងវ័យ៨១ឆ្នាំបន្ទាប់ពីបានឆ្លងជំងឺ COVID-19។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០។
ការិយាល័យរបស់គាត់នៅប្រទេសជប៉ុននិយាយថា លោក Takada Kenzo បានសម្រាកនៅក្នុងមន្ទីរពេទ្យនៅជិតទីក្រុងប៉ារីស ចាប់តាំងពីគាត់បានឆ្លងជំងឺ COVID-19 នៅពាក់កណ្តាលខែកញ្ញា។ ការិយាល័យនិយាយថា ស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺននៅដើមខែនេះ ហើយបានលោកទទួលមរណភាពនៅប្រហែលម៉ោង ៤ល្ងាច នៅថ្ងៃអាទិត្យម៉ោងនៅប្រទេសបារាំង។
លោក Takada Kenzo កើតនៅខេត្ត Hyogo ភាគខាងលិចនៃប្រទេសជប៉ុនក្នុងឆ្នាំ១៩៣៩ និងបានចូលរៀននៅមហាវិទ្យាល័យម៉ូដ Bunka នៅក្នុងទីក្រុងតូក្យូ។ លោក Takada Kenzo បានផ្លាស់ទៅទីក្រុងប៉ារីស ក្នុងឆ្នាំ១៩៦៥ នៅពេលគាត់មានអាយុ ២៥ឆ្នាំ។
នៅឆ្នាំ១៩៨៤ លោក Takada Kenzo ទទួលបានមេដាយថ្នាក់អស្សឫទ្ធិ Chevalier (Knight) de l’Ordre des Arts et des Lettres និង Légion d’honneur កាលពីឆ្នាំ២០១៦ ពីប្រទេសបារាំង ហើយបានទទួលមេដាយកិត្តិយសនៅប្រទេសជប៉ុនក្នុងឆ្នាំ១៩៩៩។ លោក Takada Kenzo ក៏បានរចនាឯកសណ្ឋានផ្លូវការសម្រាប់គណៈប្រតិភូជប៉ុន ក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងអាថែន ប្រទេសក្រិក កាលពីឆ្នាំ២០០៤ ផងដែរ៕




