​រដ្ឋមន្រ្តីពាណិជ្ជកម្មស្នើពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា ​ខណៈបានបង្ក្រាបបទល្មើសកម្មសិទ្ធិបញ្ញាចំនួន ២៨ករណី ​គិតជាទឹកប្រាក់ជាង ​៥សែនដុល្លារអាមេរិក​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាលើកទី១០ ដោយមានការចូលរួមពីតំណាងនៃក្រសួង ស្ថាប័ន ចំនួន ១៤ ដែលជាសមាជិកនៃ គ.ក.ប. និងលេខាធិការដ្ឋាន គ.ក.ប.។

ឯកឧត្តមប្រធានអង្គប្រជុំ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ និងល្អប្រសើរពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក នៃ គ.ក.ប.  ក្នុងសកម្មភាពពង្រឹងនិងលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជាក្នុងពេលកន្លងមក។

ឯកឧត្តមរដ្ឋមន្រ្តីបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបាននូវលទ្ធផលសំខាន់ៗយ៉ាងច្រើនក្នុងឆ្នាំ២០១៩និង២០២០ រួមមាន៖

១-ការចុះបញ្ជីកម្មសិទ្ធិបញ្ញា ជាពិសេសការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនិងម៉ាកសមូហភាពទាំងនៅកម្ពុជានិងបណ្តាប្រទេសសំខាន់ៗ 

២-ការចូលជាសមាជិកនៃកិច្ចព្រមព្រៀង អនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិ 

៣-ការងារកសាងច្បាប់និងបទប្បញ្ញត្តិ 

៤-កិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គភាពកម្មសិទ្ធិបញ្ញាធំៗ 

៥-ការងារអនុវត្តគម្រោងក្រោមជាមួយដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ 

៦-ការងារលើកកម្ពស់ចំណេះដឹងសាធារណៈនិងការផ្សព្វផ្សាយច្បាប់ និង 

៧-ការបង្រ្កាបបទល្មើសកម្មសិទ្ធិបញ្ញា ដែលមានសរុបចំនួន ២៨ករណី និងគិតជាទឹកប្រាក់ប្រមាណ ៥១២,៨០០ដុល្លាអាមេរិក ដែលទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកតម្កើងជីវភាពប្រជាជនកម្ពុជា និងទាក់ទាញវិនិយោគិនបរទេសបន្ថែម។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើសុំ និងលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តសហការនិងចូលរួមឱ្យបានសកម្មបន្ថែមទៀត ក្នុងការពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា និងជាពិសេសតាមរយៈការរៀបចំ និងអនុវត្តឱ្យមានប្រសិទ្ធភាពនូវផែនការការងារកម្មសិទ្ធិបញ្ញា៣ឆ្នាំ (២០២១-២០២៣) និងផែនការយុទ្ធសាស្រ្តជាតិកម្មសិទ្ធិបញ្ញាឆ្នាំ២០២១-២០២៦ផងដែរ សំដៅអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញាជាតិឱ្យកាន់តែរឹងមាំ និងស្របតាមស្តង់ដារកម្មសិទ្ធិបញ្ញាអន្តរជាតិ ដើម្បីកម្ពុជាអាចធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅបន្ថែមទៀតទៅក្នុងប្រព័ន្ធពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកល សំដៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕

អត្ថបទដែលជាប់ទាក់ទង
ហុងគ្រី ជាប្រទេសទី៤៥​ហើយ ​ដែលបានចុះកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាមួយកម្ពុជា​
ព័ត៌មានជាតិ
មូលនិធិម៉ានី ​នឹងសម្ពោធភាពយន្តឯកសារប្រវត្តិសាស្ត្រ ​«កម្ពុជា៖ បន្ទាត់ឆ្នាំ១៩៩៨» ​នៅថ្ងៃ០៦ ខែវិច្ឆិកាខាងមុខ​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ចំនួន៣ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី
ព័ត៌មានជាតិ
ទីក្រុង Sejong របស់កូរ៉េ ​ផ្តល់រថយន្តសង្គ្រោះបន្ទាន់ ២គ្រឿង ​ជាចំណងដៃក្នុងការភ្ជាប់សម្ព័ន្ធមេត្រីភាពជាមួយខេត្តបាត់ដំបង​
ព័ត៌មានជាតិ
សេចក្ដីព្រាងច្បាប់ ​ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា ​មាន៩ជំពូក ​និង៥០មាត្រា ​ដើម្បីគ្រប់គ្រងជនបរទេសគ្រប់រូបនៅកម្ពុជា​
ព័ត៌មានជាតិ
​អភិបាលខេត្តកណ្ដាល ​ចុះដោះស្រាយវិវាទការងាររវាងកម្មករ ​និងក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ចំនួនពីរ ​នៅផ្លូវជាតិលេខ២១A ​ក្រុងតាខ្មៅ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី