(ភ្នំពេញ)៖ នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះជាមួយសមភាគី ហុងគ្រី តំណាងដោយ ឯកឧត្តម ភីធឺ ស៊ីចាតូ Peter Szijjarto រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះគឺ សំដៅលើការពង្រឹង និងពង្រីកទំនាក់ទំនងវិស័យអាកាសចរស៊ីវិលនៃប្រទេសទាំងពីរ និងសម្រួលដល់ដំណើរការដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមផ្លូវអាកាស។
ប្រទេសហុងគ្រី គឺជាប្រទេសសមាជិកសហគមន៍អឺរ៉ុបមួយដែលបានពង្រីកទំនាក់ទំនងវិស័យអាកាសចរស៊ីវិលជាមួយព្រះរាជាណាចក្រកម្ពុជា ជាលក្ខណៈទ្វេភាគី ក្រៅពីពហុភាគីជាមួយតំបន់អាស៊ាន។ នេះជាប្រទេសទី ៤៥ ហើយដែលបានសម្រេចនូវកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាមួយព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានសម្តែងនូវការអរគុណនិងអំណសាទរចំពោះលទ្ធផលថ្មីមួយទៀត ក្រោមការដឹកនាំនូវនយោបាយ “ឈ្នះ ឈ្នះ” របស់សម្តេចតេជោ និងអរគុណសន្តិភាព តាមរយៈកិច្ចខិតខំប្រឹងប្រែងកន្លងមកលើការសន្ទនាជាមួយភាគីហុងគ្រីកាលពីឆ្នាំ២០១៥ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ដែលផ្តល់អត្ថប្រយោជទៅវិញទៅមករវាងប្រទេសទាំងពីរ៕




