(ភ្នំពេញ)៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអាជ្ញាធរមូលដ្ឋាន រាជធានី/ខេត្ត លើកសំណើស្នើសុំគ្រាប់ពូជស្រូវ និងពូជបន្លែ ត្រង់ទៅសមត្ថកិច្ចទទួលខុសត្រូវ និងមានសិទ្ធិសម្រេច ស្របតាមអនុក្រឹត្យ លេខ ១៤៥ អនក្រ.បក ចុះថ្ងៃទី១២ កញ្ញា ឆ្នាំ២០១២ ស្តីពីការបង្កើតប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីធ្វើការបែងចែក និងផ្តល់ជូនប្រជាជនដែលរងគ្រោះ។
ការស្នើរបស់ឯកឧត្តម វេង សាខុន ធ្វើឡើងតាមរយៈគណនីហ្វេសប៊ុកនៅថ្ងៃទី៣ ខែវិច្ឆិកានេះ ដែលឯកឧត្តមបានបញ្ជាក់ថា ក្នុងគោលបំណង៖
- បញ្ចៀសបានការភ័ន្តច្រឡំដោយប្រកាណាមួយនៃការលើកសំណើស្នើសុំ និងបែងចែកពូជស្រូវ និងពូជដំណាំដ៏ទៃទៀត សម្រាប់ធ្វើការស្តារឡើងវិញ ដែលបានទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងមួយរយៈកន្លងទៅ នៅតាមបណ្តារាជធានី/ខេត្ត ដែលឈានទៅដល់ការអូសបន្លាយពេលវេលា ហើយទម្លាក់បន្ទុកមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
- បង្កើនល្បឿននៃការស្តារឡើងវិញនូដំណាំស្រូវ និងប្រភេទដំណាំដទៃទៀត ឲ្យបានទាន់ពេលវេលា ស្របតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅ ក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពាន តភ្ជាប់ពីកោះពេជ្រ ទៅកោះនរា នៅរាជធានីភ្នំពេញ។
តាមរយៈនៃការបញ្ជាក់ជូនខាងលើ ឯកឧត្តរដ្ឋមន្ត្រីមានក្តីសង្ឃឹមថា ឯកឧត្តម លោកជំទាវ លោក និងលោកស្រី ដែលជាសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាកសិករដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងទាំងអស់ ប្រាកដជាបានយល់ និងសហការនូវអ្វីដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងធ្វើសកម្មភាព ទាក់ទងទៅនឹងការស្តារឡើងវិញនូវដំណាំកសិកម្មដែលបានទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក៕




