រដ្ឋមន្ត្រីកសិកម្ម​ ប្រាប់ប្រមុខការទូតហុងគ្រីថា ​កម្ពុជាមានវិស័យចំនួន ៤សំខាន់ ​សម្រាប់ហុងគ្រីធ្វើការវិនិយោគនៅពេលអនាគត​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Peter Szijjarto រដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី និងសហការី នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ដើម្បីសម្តែងការគួរសម និងពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលអនាគត។ 

ក្រោយពីឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់មតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូរួចមក ឯកឧត្តម Peter Szijjarto បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរនាពេលអនាគត។ 

ឯកឧត្តមបានបន្តថា វិស័យកសិកម្មហុងគ្រីបាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចប្រមាណជា ៨% នៃ GDP។ ការប្រើប្រាស់ បច្ចេកវិទ្យាដាំដុះ ការកែឆ្នៃផលិតផលកសិកម្ម និងការគ្រប់គ្រងទឹកកំពុងទទួលបានជោគជ័យជាខ្លាំងនៅក្នុងប្រទេសហុងគ្រី។ ចំពោះជំនួបដ៏មានសារសំខាន់នាពេលនេះ ឯកឧត្តមបានជម្រាបជូនថា កម្ពុជាមានវិស័យចំនួន ៤សំខាន់សម្រាប់ហុងគ្រីធ្វើការវិនិយោគនៅពេលអនាគត គឺទី១- ផលិតកម្មទឹកដោះ និងការកែច្នៃសាច់ ទី២- វារីវប្បកម្ម ៣.ការដាំដំណាំនិងសុវត្ថិភាពចំណីអាហារ ទី៤- ការប្រើប្រាស់ និងការគ្រប់គ្រងទឹក។ 

ដោយឡែក ការផ្តល់ឥណទានដល់ការអភិវឌ្ឍវិស័យកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្សរយ:ពេលខ្លី និងវែងគឺជាអាទិភាពក្នុងដណើរទស្សនកិច្ចនេះផងដែរ។ ត្រង់ចំណុះនេះ ឯកឧត្តមបានជម្រាបជូនថាកន្លងមកហុងគ្រីបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឲ្យទៅបន្តការសិក្សា ចំនួន ១៥នាក់រៀងរាល់ឆ្នាំ ហើយរដ្ឋាភិបាលហុងគ្រីកំពុងពិចារណាថានឹងបង្កើនចំនួនអាហារូបករណ៍នេះនៅឆ្នាំបន្ទាប់ ពិសេសលើវិស័យកសិកម្ម។ 

ទន្ទឹមនឹងនេះ ឯកឧត្តមបានស្នើសុំឲ្យឯកឧត្តមរដ្ឋមន្រ្តីបញ្ជូននិស្សិតឲ្យទៅបន្តការសិក្សានៅហុងគ្រីនៅតាមជំនាញឲ្យបានច្រើន ដែលជាឱកាសសម្រាប់ការបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និស្សិតនិងនិស្សិតឲ្យកាន់តែស្អិតរមួត និងរឹងមាំ ដែលនាំឲ្យទាំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងបានកាន់តែរឹងមាំ។

មានប្រសាសន៍ស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម Peter Szijjarto និងសហការីដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងជាពិសេសបានអញ្ជើញមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផ្ទាល់ដើម្បីធ្វើការពិភាក្សាទ្វេភាគីក្នុងគោលបំណងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហ ប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត។ ឆ្លៀតយកឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនគណ:ប្រតិភូអំពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជាសម្រាប់ធ្វើការអភិវឌ្ឍន៍ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល គោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០១៩- ២០២៣ និងបរិយាកាសនៃការវិនិយោគលើវិស័យកសិកម្មនាពេលបច្ចុប្បន្ន។ 

ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចជូនភ្ញៀវអំពីសក្តានុពលវិនិយោគលើផលិតកម្មដំណាំសម្រាប់ធ្វើការនាំចេញមានដូចជាដំណាំស្រូវ ស្វាយ ដំឡូងមី ស្វាយចន្ទី ថ្នាំជក់ និងផលិតកម្មវារីវប្បកម្មផងដែរ។ ជាក់ស្តែង ក្នុងឆ្នាំ២០២០ កម្ពុជាបាននាំអង្គរចេញទៅប្រទេសហុងគ្រីបានចំនួន ១ ៨៣៩តោន និងថ្នាំជក់បាន ១១៨តោន។ ក៏ពិតថាតួលេខនេះនៅមានកម្រិតទាប ប៉ុន្តែឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសុទិដ្ឋិនិយមថាតាមរយ:ឯកឧត្តម Peter Szijjarto ក្នុងដំណើរទស្សនកិច្ចនេះ និងជា ពិសេសកិច្ចព្រមព្រៀងអនុស្សរណនៃការយោគយល់គ្នា (MOU) ដែលភាគីទាំងពីរនឹងត្រូវចុះ ហត្ថលេខានៅរសៀលថ្ងៃនេះ នឹងនាំមកនូវការអភិវឌ្ឍន៍ជាផ្លែផ្កាទ្វេឡើងលើវិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្មនាពេលអនាគត ហើយភាគីកម្ពុជានឹងរង់ចាំអនុវត្តខ្លឹមសារ MOU នេះឲ្យមាន ប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិ និងប្រជាជនកម្ពុជា។ 

ចំពោះអាហារូបករណ៍ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា នេះជាឱកាសដ៏ល្អសម្រាប់និស្សិតខ្មែរទៅបន្តការសិក្សានៅហុងគ្រី ដើម្បីបង្កើនសមត្ថភាព និងបទពិសោធន៍លើវិស័យកសិកម្ម ដែលត្រូវពាំនាំមកនូវបច្ចេកវិទ្យាទំនើប ថ្មីៗដែលទទួលបានពីហុងគ្រីជូនដល់ដៃអ្នកផលិតផ្ទាល់ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត។ 

ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំឲ្យភាគីហុងគ្រីជួយពិនិត្យ និងជំរុញគម្រោងសំខាន់ៗទាំង ៤ខាងលើឲ្យចាប់ដំណើរការក្នុងពេលឆាប់ៗខាងមុខ ហើយគួរត្រូវរៀបចំបង្កើតក្រុមការងារជំនាញដើម្បីពិនិត្យ វាយតម្លៃ និងអនុវត្តបន្ទាប់ពីចុះហត្ថលេខានៅរសៀលថ្ងៃនេះរួច។ ជាការឆ្លើយតប ឯកឧត្តម Peter Szijjarto បានឯកភាពថានឹងជំរុញការងារនេះឲ្យបានលឿន និងរលូនស្របសតាមសភាពការជាក់ស្តែង។ 

សូមអនុញ្ញាតជម្រាបជូនថា នៅវេលាម៉ោង ១៦:០០ រសៀលថ្ងៃដដែល នៅវិមានសន្តិភាពនឹងមានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណនៃការយោគជល់គ្នារវាងសាធារណរដ្ឋហុងគ្រី និងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហុន សែន នាយករដ្ឋមន្រ្តី។

ចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានឯកសារអនុស្សរណនៃការ យោគយល់គ្នាមួយដែលត្រូវចុះហត្ថលេខាដោយឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន។ ខ្លឹមសារសំខាន់ៗនៃឯកសារនេះគឺបានរំលេចឡើងអំពីកិច្ចសហប្រតិបត្តិការលើ៖

១- ផលិតកម្មដំណាំ និងការអភិវឌ្ឍពូជដំណាំ

២- សុខភាពសត្វ និងផលិតកម្មសត្វ

៣- វិស័យជលផល និងវារីវប្បកម្ម 

៤- ការជំរុញការធ្វើកសិ-ពាណិជ្ជកម្ម 

៥- កិច្ចសហប្រតិបត្តិការលើការត្រួតពិនិត្យ អនាម័យ និងភូតគាមអនាម័យ(SPS) 

៦- ការការពារព្រៃ និងដាំឈើឡើងវិញ

៧- ការកែច្នៃផលិតផលកសិកម្ម និងទីផ្សារ

៨- ការរួមគ្នាបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកសិកម្ម 

៩- បច្ចេកវិទ្យាកសិកម្ម ការស្រាវជ្រាវ និងការអភិវឌ្ឍ

១០- ការផ្លាស់ប្តូរជំនាញ ចំណេះដឹង និងបទពិសោធន៍ និង

១១- ជំរុញធ្វើឲ្យប្រសើរឡើងលើភាពជាដៃគូនៃការធ្វើកសិ-ពាណិជ្ជកម្ម៕


អត្ថបទដែលជាប់ទាក់ទង
ទីក្រុង Sejong របស់កូរ៉េ ​ផ្តល់រថយន្តសង្គ្រោះបន្ទាន់ ២គ្រឿង ​ជាចំណងដៃក្នុងការភ្ជាប់សម្ព័ន្ធមេត្រីភាពជាមួយខេត្តបាត់ដំបង​
ព័ត៌មានជាតិ
សេចក្ដីព្រាងច្បាប់ ​ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា ​មាន៩ជំពូក ​និង៥០មាត្រា ​ដើម្បីគ្រប់គ្រងជនបរទេសគ្រប់រូបនៅកម្ពុជា​
ព័ត៌មានជាតិ
​អភិបាលខេត្តកណ្ដាល ​ចុះដោះស្រាយវិវាទការងាររវាងកម្មករ ​និងក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ចំនួនពីរ ​នៅផ្លូវជាតិលេខ២១A ​ក្រុងតាខ្មៅ
ព័ត៌មានជាតិ
​រដ្ឋមន្រ្តីពាណិជ្ជកម្មស្នើពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា ​ខណៈបានបង្ក្រាបបទល្មើសកម្មសិទ្ធិបញ្ញាចំនួន ២៨ករណី ​គិតជាទឹកប្រាក់ជាង ​៥សែនដុល្លារអាមេរិក
ព័ត៌មានជាតិ
ឯកឧត្តម វេង សាខុន ​ណែនាំមន្ទីរកសិកម្មលើកសំណើស្នើសុំគ្រាប់ពូជស្រូវ ​និងពូជបន្លែ​ ​ដើម្បីធ្វើការបែងចែក​ និងផ្តល់ជូនប្រជាជនដែលរងគ្រោះ​
ព័ត៌មានជាតិ
​ក្រសួងព័ត៌មាន ​ចេញសេចក្តីបំភ្លឺជុំវិញការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលមួយចំនួន​ ​ចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី