(ភ្នំពេញ)៖ «ថ្ងៃនេះ ៨ឆ្នាំមុន សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រែឈ្មោះពីសមាគមយុវជនកម្ពុជា។ ដ្បិតថា ឈ្មោះ ត្រូវបានកែប្រែ តែភាពជាក្រុមគ្រួសារ ក្តីស្រឡាញ់ ការលះបង់ និងការចូលរួម ដើម្បីកម្ពុជា និងប្រជាជនកម្ពុជា គឺនៅតែបន្តមានជាដរាប។ អរគុណមហាគ្រួសារ ស.ស.យ.ក. ទាំងអស់ ដែលបានរួមដំណើរជាមួយគ្នា ហើយយើងនឹងនៅតែបន្តកាន់ដៃគ្នា ដើរទៅមុខប្រកបដោយភាពជឿជាក់»។ នេះជាសារបង្ហោះនៅលើហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក។
សហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី កូនប្រុសសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោមស្មារតី ខ្មែរតែមួយ អនាគតតែមួយ បម្រើជាតិ និងប្រជាជន ពិសេសរួមចំណែកក្នុងកិច្ចការសង្គម តាមរយ:ការចូលរួមស្ម័គ្រចិត្តរបស់យុវជនពីគ្រប់ស្រទាប់វណ្ណ: នាំឲ្យសម្រេចបានសមិទ្ធផលជាច្រើន ដូចជា៖ អង្គរសង្ក្រាន្ត ឯកត្តកម្មពិភពលោក កីឡា សាសនា តន្ត្រី និងសមិទ្ធផលជាច្រើនទៀត។
យុវជនកម្ពុជា ពិតជាមានមោទកភាព ដែលបានរួមចំណែក ចាប់ពីក្នុងនាមជាយុវជនស្ម័គ្រចិត្ត រហូតបានក្លាយជាសមាជិក ក្នុងចំណោមជាច្រើនម៉ឺននាក់ទូទាំងប្រទេស ដែលបានចូលរួម និងធ្វើសកម្មភាពសង្គមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា។




