(ភ្នំពេញ)៖ «ហុងគ្រី គឺជាមិត្តដ៏ជិតស្និទ្ធមួយរបស់កម្ពុជា។ ហុងគ្រី បានផ្តល់នូវជំនួយ និងការគាំទ្រមកដល់កម្ពុជា នៅពេលដែលប្រទេសយើង កំពុងត្រូវការជំនួយជាចាំបាច់ បន្ទាប់ពីងើបផុតពីភ្លើងសង្គ្រាមនៃរបបខ្មែរក្រហម។ ទ័ពមួកខៀវហុងគ្រី បានបញ្ជូនមកកម្ពុជាក្រោមឆត្រ័របស់អជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC)។ ជំហររបស់ហុងគ្រី លើការដកប្រព័ន្ធអនុគ្រោះពន្ធ EBA គឺជាឧទាហរណ៍មួយទៀត ដែលសបញ្ជាក់អំពីមិត្ត ដែលយល់ពីស្ថានភាពរបស់កម្ពុជា ហើយក្លាហានក្នុងការគាំទ្រកម្ពុជាឱ្យទទួលបានយុត្តិធម៌ ដើម្បីឆ្ពោះទៅរកលិទ្ធិប្រជាធិបតេយ្យប្រកបដោយសន្តិភាព និងការអភិវឌ្ឍប្រកប ដោយចីរភាព។ ចំពោះការខិតខំប្រឹងប្រែងទាំងអស់នេះ ខ្ញុំសូមអរគុណឯកឧត្តមរដ្ឋមន្ត្រី និងប្រទេសហុងគ្រី»។ ទាំងនេះជាការលើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ថ្លែងក្នុងសន្និសីទកាសែត បន្ទាប់ពីទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ភីធ័រ ហ្សីជីតូ ( Péter Szijjártó ) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បន្តថា «ឯកឧត្តមរដ្ឋមន្ត្រី ភីធ័រ ហ្សីយាតូ និងខ្ញុំ ទើបតែបញ្ចប់កិច្ចពិភាក្សាប្រកបដោយផ្លែផ្កា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងទាំងពីរនាក់ ពិតជាមានសេចក្តីសោមនស្សរីករាយ ចំពោះទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដែលបន្តរីកចម្រើន ដោយផ្អែកលើមូលដ្ឋានគតិយុត្តិដ៏រឹងមាំ។ យើងខ្ញុំ បានពិនិត្យឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈ ដែលបានចុះហត្ថលេខា ក៏ដូចជាយន្តការនានា ដែលបានឯកភាពគ្នាកន្លងមក ដែលក្នុងនោះ រួមមាន គណៈកម្មការសេដ្ឋកិច្ចចម្រុះ កិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសកម្ពុជា-ហុងគ្រី និងឯកសារមួយចំនួនទៀត ដើម្បីជួយពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការរបស់យើង ក្នុងវិស័យគ្រប់គ្រងទឹក កសិកម្ម សេដ្ឋកិច្ច និងពាណិជ្ជកម្ម ទេសចរណ៍ និងអប់រំ»។
ឯកឧត្តម ប្រាក់ សុខុន បន្ថែមថា «ប្រទេសយើងទាំងពីរ តែងឈរលើគោលការណ៍ច្បាប់អន្តរជាតិ ដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហើយយើងក៏តែងតែប្រកាន់យកជំហរ ក្នុងការពង្រឹងបន្ថែមនូវពហុភាគីនិយម ដោយគោរពអធិបតេយ្យរបស់រដ្ឋនីមួយៗ»។
ឯកឧត្តម ប្រាក់ សុខុន បន្ថែមទៀតថា «ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ភីធ័រ ហ្សីយាតូ នាខណៈពេលនៃការរីករាលដាលនៃជំងឺរាតត្បាត និងបញ្ហាប្រឈមយ៉ាងខ្លាំងខាងសេដ្ឋកិច្ច-សង្គម ពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ឯកឧត្តម ក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ប្រទេសទាំងពីរ។ ពិតណាស់ កម្ពុជា ក៏មានការប្តេជ្ញាចិត្តដូចគ្នានេះដែរ»។
ឯកឧត្តមប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់ថា «ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៅទីក្រុងប៊ុលដាប៉េស ចំនួន ២ ដង និងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្ដម Janos Ader ប្រធានាធិបតីហុងគ្រី មកកាន់រាជធានីភ្នំពេញ កាលពីឆ្នាំមុន ការបើកការិយាល័យតំណាងស្ថានទូតហុងគ្រី នៅភ្នំពេញ និងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគី ចំនួន ៣ លើវិស័យគ្រប់គ្រងទឹក កសិកម្ម និងសេវាកម្មអាកាស ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃនេះ គឺជាសក្ខីភាពដែលបានកើតចេញពីការប្តេជ្ញាចិត្តរួមគ្នាខាងលើ»។
ក្នុងសន្និសីទកាសែត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា ភាគីទាំងពីរ កំពុងត្រៀមរៀបចំព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅប្រទេសហុងគ្រី នាឆមាសទី ២ នៃឆ្នាំ២០២១ ឬនៅឆមាសទី១ នៃឆ្នាំ២០២២ ដែលព្រះរាជដំណើរនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ ដើម្បីអបអរសាទរ ខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរបស់យើង កម្ពុជា-ហុងគ្រី នៅឆ្នាំក្រោយ។
សូមរម្លឹកថា តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងការបរទេសកម្ពុជា ប្រកាសថា ឯកឧត្តម ភីធើ ស៊ីចាតូ នឹងចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រោយជំនួបសម្តែងការគួរសមនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ ចំនួនបី ដូចខាងក្រោម៖
១.កិច្ចព្រមព្រៀង ស្តីពី សេវាដឹកជញ្ជូនតាមផ្លូវអាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា និងរដ្ឋាភិបាលហុងគ្រី
២.អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី
៣.អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មហុងគ្រី
ក្រសួងការបរទេស បន្ថែមថា ឯកឧត្តម ភីធើ ស៊ីចាតូ មានជំនួបប្រជុំផ្លូវការជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងកង្វល់រួម និងបន្តដោយសន្និសីទសារព័ត៌មានរួមគ្នា។
សេចក្តីប្រកាស ក៏បានបន្ថែមថា ឯកឧត្តម ភីធើ ស៊ីចាតូ នឹងមានជំនួបដោយឡែកពីគ្នា ជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម សួស យ៉ារ៉ា សមាជិកសភានៃព្រះរាជាណាចក្រកម្ពុជា។ ជាងនេះទៅទៀត ឯកឧត្តម ភីធើ ស៊ីចាតូ នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការការិយាល័យនៃស្ថានទូតហុងគ្រី នៅរាជធានីភ្នំពេញ។
ក្រសួងការបរទេស ក៏បានប្រកាសថា ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ភីធើ ស៊ីចាតូ នឹងបន្តពង្រីក និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងហុងគ្រី៕
( រូបភាព៖ ឯកឧត្តម ប្រាក់ សុខុន ស្វាគមន៍ឯកឧត្តម ភីធើ ស៊ីចាតូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម ហុងគ្រី នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការបរទេស ក្នុងរាជធានីភ្នំពេញ។ រូបភាពពីមន្ទីរកិច្ចការនារី រាជធានីភ្នំពេញ )




