(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស និងចុះពិនិត្យការបើកដំណើរការគ្រឹះស្ថានសិក្សាដំណាក់កាលទី៣ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីទទួលបាននូវការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយបន្តអនុវត្តតាមស្តង់ដារអនាម័យ SOP របស់ក្រសួងសុខាភិបាល ដើម្បីបញ្ចៀសការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។
កម្មវិធីពិនិត្យការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដំណាក់កាលទី៣នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឱកាសនោះឯកឧត្ដម ក៏បានប្រគល់សម្ភារៈមួយចំនួនដូចជា ម៉ាស់ អាល់កុល ដល់សាលារៀនដើម្បីប្រើប្រាស់។
ឯកឧត្ដមរដ្ឋមន្ត្រី បានសម្ដែងនូវកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នេះប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ មន្ទីរអប់រំ និងអាជ្ញាធររាជធានីភ្នំពេញដែលបានរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ទោះបីស្ថានភាពជំងឺនេះមានភាពធូរស្រាលតែទាមទារនូវការប្រុងប្រយ័ត្ន ដើម្បីឱ្យការសិក្សាដំណើរការទៅប្រកបដោយសុវត្ថិភាព៕




