(ភ្នំពេញ)៖ រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសអំពីគំនិតផ្តួចផ្តើមថ្មីមួយ ក្នុងទឹកប្រាក់ចំនួន ៥០០លានដុល្លារអូស្ត្រាលី ស្តីពីការទទួលបានថ្នាំវ៉ាក់សាំង និងគម្រោងសន្តិសុខសុខាភិបាលក្នុងតំបន់ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្នុងសេចក្តីប្រកាសព័ត៌មាន លោកជំទាវ Hon Marise Payne រដ្ឋមន្រ្តីក្រសួងការបរទេសអូស្ត្រាលី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាសមាជិកព្រឹទ្ធសភាអូស្រ្តាលី មានប្រសាសន៍ថា សម្រាប់ប្រទេសទាំងឡាយក្នុងតំបន់យើង មិនមានអាទិភាពអ្វី ខ្ពស់ជាងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នោះឡើយ។ ការទទួលបានវ៉ាក់សាំងឱ្យបានទាន់ពេល និងមានសុវត្ថិភាពនៅអាស៊ីអាគ្នេយ៍ នឹងបញ្ជាក់ឱ្យឃើញថាកម្ពុជា អូស្ត្រាលី និងបណ្តាប្រទេសនានាក្នុងតំបន់យើង នឹងអាចវិលត្រឡប់ទៅរកភាពដើមក្នុងការ ធ្វើដំណើរ ទេសចរណ៍ និងពាណិជ្ជកម្ម។
បើតាមស្ថានទូតអូស្ត្រាលី គំនិតផ្តួចផ្តើមខាងលើនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការវ៉ាក់សាំងក្នុងតំបន់អាស៊ីអាគ្នេយ៍។ គម្រោងនេះ ក៏នឹងរួមបញ្ចូលទាំងលទ្ធកម្មនិងការផ្តល់កម្រឹតវ៉ាក់សាំង ការវាយតម្លៃសុវត្ថិភាពនិងប្រសិទ្ធភាពវ៉ាក់សាំង (តាមគោលការណ៍អង្គការសុខភាពពិភពលោក World Health Organization (WHO) ) និងការគាំទ្របច្ចេកទេសសម្រាប់គោលនយោបាយ និងផែនការចាក់ថ្នាំបង្ការ។
ប្រទេសអូស្រ្តាលី នៅតែប្តេជ្ញាចិត្តគាំទ្រដល់ការទទួលបានថ្នាំបង្ការ ប្រកបដោយសុវត្ថិភាពនិងតម្លៃសមរម្យ រួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ៕




