(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា សាច់គោ ដែលក់នៅលើទីផ្សារ និងតាមស្រុកភូមិទូទាំងប្រទេស មិនមានជំងឺអ្វីនោះទេ។ ករណីផ្អើលតាមហ្វេសប៊ុក នៅខេត្តឧត្តរមានជ័យថ្មីៗនេះ ដោយសារតែម្ចាស់គោ ច្រូតស្មៅពីចម្ការស្វាយចន្ទីរ ដែលទើបបាញ់ថ្នាំកម្ចាត់ស្មៅ ហើយយកស្មៅនោះ ទៅឲ្យគេស៊ី ទើបធ្វើឲ្យគោទាំងនោះ មានរោគសញ្ញាហើមពោះ ដកបង្ហើមមិនប្រក្រតី និងរាគមួលខុសធម្មតា។
បន្ទាប់ពីស្រាវជ្រាវរកការពិតរួច មន្ត្រីជំនាញ បានអញ្ជើញម្ចាស់គណនេយ្យហ្វេសប៊ុក ឈ្មោះ Bun Chhy Lim មកណែនាំ ហើយគាត់បានធ្វើការសុំទោសជាសាធារណៈ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកបរិភោគ និងអាជីវករលក់សាច់គោ។
ម្ចាស់ហ្វេសប៊ុក ឈ្មោះ Bun Chhy Lim បានបង្ហោះព័ត៌មាន ដោយផ្សព្វផ្សាយកុំឲ្យប្រជាពលរដ្ឋ បរិភោគសាច់គោ ដែលលក់នៅលើទីផ្សារ និងលក់នៅតាមស្រុកភូមិ ដែលមិនដឹងប្រភពច្បាស់លាស់ ដោយអះអាងថា សាច់គោ មានផ្ទុកជំងឺបូសខ្យល់។
ម្ចាស់ហ្វេសប៊ុក Bun Chhy Lim បានផ្សព្វផ្សាយដូច្នេះ ដោយលើកយកករណីគោឈឺ ដែលកើតឡើងនៅភូមិលំទង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ តែតាមពិត ករណីគោឈឺនេះ គឺដោយសារតែម្ចាស់ ច្រូតស្មៅពីចម្ការស្វាយចន្ទីរ ដែលទើបបាញ់ថ្នាំកម្ចាត់ស្មៅ ហើយយកស្មៅនោះ ទៅឲ្យគេស៊ី៕



