(ភ្នំពេញ)៖ សហភាពអឺរ៉ុប បានប្រកាសពីការផ្តល់ជំនួយ ៤០០ ០០០ អឺរ៉ូ ស្មើនឹង ៤៧០ ០០០ ដុល្លារអាមេរិក និងត្រូវជា ១៩០០ លានរៀល ដើម្បីជួយដល់ប្រជាជនកម្ពុជា ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចាប់តាំងពីដើមខែតុលា។ ជំនួយនេះ នឹងផ្តោតលើការដោះស្រាយតម្រូវការបន្ទាន់របស់ប្រជាជន នៅក្នុងខេត្តភាគពាយព្យ ដែលរងគ្រោះខ្លាំងបំផុត។
សហភាពអឺរ៉ុប ប្រកាសថា ការចូលរួមវិភាគទាននេះ បង្ហាញពីសាមគ្គីភាពរបស់សហភាពអឺរ៉ុប ជាមួយប្រជាជនកម្ពុជា ដែលភាគច្រើន បានបាត់បង់ផ្ទះសម្បែង ជួបប្រទះបញ្ហាជីវភាព និងបាត់បង់ទ្រព្យសម្បត្តិ ផលដំណាំ ដោយសារតែទឹកជំនន់បំផ្លិចបំផ្លាញ៕




