(ភ្នំពេញ)៖ ដើម្បីទាក់ទាញទេសចរអន្តរជាតិ ទៅកាន់ខេត្តសៀមរាប-អង្គរ ឱ្យបានប្រមាណ ៧ លាននាក់ នៅឆ្នាំ២០៣៥ គោលដៅទេសចរណ៍ធំៗថ្មី នៅជុំវិញអង្គរ នឹងត្រូវបានបង្កើតឡើង។ ផែនការនេះ ត្រូវបានដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប។ ក្នុងនោះ ការបង្កើតទីក្រុងសៀមរាបថ្មី ក៏ស្ថិតក្នុងគម្រោងគោលដៅទេសចរណ៍ធំៗថ្មី នៅជុំវិញអង្គរ ផងដែរ។
ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្ត នៅត្រីមាសទី៤ ឆ្នាំ២០២០ ក្នុងដំណាក់កាលវិបត្តិ កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ថោង ខុន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ត្រូវបានដាក់ឆ្លងគណៈកម្មការជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ហើយ ក្នុងនោះ ក្រសួងទេសចរណ៍ ក៏កំពុងរៀបចំកែសម្រួលឱ្យវាខ្លីជាងមុន ដើម្បីដាក់ឆ្លងរាជរដ្ឋាភិបាល ពិនិត្យ និងអនុម័ត នៅពេលខាងមុខ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា គោលដៅទេសចរណ៍ថ្មី ចំនួន ៤ ធំៗបន្ថែមទៀត លើគោលដៅទេសចរណ៍ ២ ដែលមានស្រាប់ អាចនឹងត្រូវបានបង្កើតឡើង ក្នុងនោះ រួមមាន តំបន់បឹងទន្លេសាប តំបន់ភ្នំគូលែន តំបន់បន្ទាយស្រី និងទីក្រុងសៀមរាបថ្មី។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ចំពោះការបង្កើតទីក្រុងសៀមរាបថ្មីនេះ គឺក្នុងគោលបំណង ដើម្បីទ្រទ្រង់ដល់ទីក្រុងសៀមរាប បច្ចុប្បន្ន ដែលមិនអាចសាងសង់សំណង់ទំនើបខ្ពស់ៗ ឬសំណង់ ដែលប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌវប្បធម៌។
ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញចក្ខុវិស័យទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកទស្សនខេត្តសៀមរាប ឱ្យបាន ៧ លាននាក់ នៅឆ្នាំ២០៣៥ ដោយនឹងបង្កើតការងារផ្ទាល់ប្រមាណ ៩០ ម៉ឺននាក់ រួមជាមួយការទទួលបានប្រាក់ចំណូលប្រមាណ ៥ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នានោះ។ ដើម្បីសម្រេចចក្ខុវិស័យនេះ ទីក្រុងសៀមរាប បច្ចុប្បន្ន មិនអាចទ្រទ្រង់បានគ្រប់គ្រាន់ឡើយ គឺចាំបាច់ត្រូវបង្កើតឱ្យមានទីក្រុងថ្មីមួយទៀត។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ទីក្រុងសៀមរាបថ្មីនេះ ត្រូវតែរៀបចំឱ្យក្លាយជាទីក្រុងវៃឆ្លាត (Smart City)។ ប៉ុន្តែប្លង់គោលទីក្រុងទាំងមូល អាចនឹងត្រូវសិក្សារចនាឡើង តាមទម្រង់បុរាណខ្មែរ។
ចំពោះទីតាំងទីក្រុងសៀមរាបថ្មីនេះ ត្រូវបានឯកឧត្តមរដ្ឋមន្ត្រី បង្ហើបឱ្យដឹងថា គឺត្រូវស្ថិតនៅក្រៅពីតំបន់ការពាររបស់អាជ្ញាធរជាតិអប្សរា៕




