(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី២៧ ខែតុលាថា ស្ត្រីជនជាតិបារាំង អាយុ ២៣ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរ នៅប្រទេសសិង្ហបុរី មកដល់កម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលនេះ គឺវិជ្ជមានវីរុសកូវីដ១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ។ បច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សេចក្តីប្រកាស បានកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះ ជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ១០៨នាក់ ( ស្រី ៤៧នាក់ និងកុមារ ៣នាក់ )។ អ្នកដំណើរ ១០៧នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅវិទ្យាល័យបូរី ១០០ ខ្នង និងនៅសណ្ឋាគារ ៣ទៀត នៅភ្នំពេញ។
ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា គឺមានអ្នករកឃើញវីរុសកូវីដ១៩ សរុបចំនួន ២៨៨នាក់ ( ស្រី ៥៩នាក់ និងបុរស ២២៩នាក់ )។ ក្នុងនោះ ២៨៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ ( បុរសជនជាតិខ្មែរ ម្នាក់ ស្ត្រីជនជាតិខ្មែរ ម្នាក់ បុរសជនជាតិប៉ូឡូញ ម្នាក់ បុរសជនជាតិបារាំង ម្នាក់ និងស្ត្រីជនជាតិបារាំង ម្នាក់ )៕




