(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន ក្រុមប្រឹក្សាធម្មនុញ្ញ បានណែនាំដល់និស្សិតខ្មែរសិក្សានៅក្រៅប្រទេស ត្រូវចេះឆ្លើយតបរាល់ការចោទសួរពីសំណាក់និស្សិតបរទេសពីនយោបាយផ្ទៃក្នុងរបស់កម្ពុជា។
ប្រសាសន៍ណែនាំនេះ ឯកឧត្តមបណ្ឌិត អ៊ឹម ឈុនលឹម បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ ចំនួន២១រូប ជាមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន និងមន្រ្តីអង្គការមិនមែនរដ្ឋាភិបាល ដែលនឹងទៅសិក្សាបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ នៅទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ “អាគារស” វិមានរដ្ឋចំការមន នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។
ក្រោយពីបានស្តាប់របាយការណ៍សង្ខេប ដែលធ្វើឡើងដោយតំណាងជ័យលាភីរួចមក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានសម្តែងការអបអរសាទរ និងកោតសរសើរជ័យលាភីទាំងអស់ដែលបានទទួលជោគជ័យក្នុងការប្រលងយកអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ ដែលជាកម្មវិធីមួយមានសារសំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាក្នុងក្របខណ្ឌកិច្ចសហប្រតិ្តការអន្តរជាតិនៃប្រទេសទាំងបីគឺ ព្រះរាជាណាចក្រកម្ពុជា ប្រទេសអូស្រ្តាលី និងប្រទេសណូវ៉ែលហ្សេឡង់។ ឯកឧត្តមកិត្តិនីតិកោលបណ្ឌិត ក៏បានចាត់ទុកថា នេះគឺជាសមិទ្ធផលថ្មីបន្ថែមទៀត នៃទំនាក់ទំនងល្អរវាងប្រទេសទាំងបី។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានរំលឹកពីការចូលរួមចំណែករបស់ប្រទេសអូស្រ្តាលីក្នុងដំណើរការស្វែងរកសន្តិភាពរបស់កម្ពុជា តាមរយៈការជួយស្វែងរកការសម្របសម្រួលខ្លឹមសារដែលមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ក្នុងកិច្ចសំណេះសំណាលនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ឯកឧត្តម ដែលធ្លាប់បានបន្តការសិក្សា និងធ្វើការដកបទពិសោធន៍ការងារនៅបរទេសដូចជា បារាំង សហភាពសូវៀត និងបណ្តាប្រទេសនានានៅលើសាកលលោក ដើម្បីជាទុនគំនិតសម្រាប់ជ័យលាភីទាំងអស់យកទៅប្រើក្នុងការរស់នៅ និងបន្តការសិក្សារយៈពេល ២ឆ្នាំ នៅប្រទេសអូស្រ្តាលី និងប្រទេសណូវ៉ែលហ្សេឡង់។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានចែករំលែកអំពីការកសាងនីតិរដ្ឋ ដោយឈរលើគ្រឹះដ៏រឹងមាំនៃរដ្ឋធម្មនុញ្ញ ដែលព្រះរាជាណាចក្រកម្ពុជា កំពុងតែខិតខំនិងសម្រេចបាន ដើម្បីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ។ ជាមួយគ្នានេះផងដែរ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ក៏បានលើកឡើងអំពីដំណើរការនៃការចរចារបង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលជាមូលដ្ឋានគ្រឹះសំខាន់នាំឱ្យមានរដ្ឋធម្មនុញ្ញមួយទំនើបដូចសព្វថ្ងៃ ដើម្បីឱ្យនិស្សិតជ័យលាភីទាំងអស់បានយល់ដឹង និងជាទុនសម្រាប់ការសិក្សាបន្តនាពេលខាងមុខ។
ជាបន្តឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានផ្តាំផ្ញើដល់ជ័យលាភីទាំង ២១រូប
- ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រតាមជំនាញរបស់ខ្លួន ពុះពារគ្រប់ឧបសគ្គ ដើម្បីក្រេបយកចំណេះវិជ្ជា និងបទពិសោធន៍ មកជួយកសាងស្ថាប័នដែលខ្លួនកំពុងបម្រើការ និងជួយកសាងប្រទេសជាតិ ព្រមទាំងត្រូវគោរព វិន័យសាលា និងច្បាប់ ព្រមទាំងរបៀបរបបប្រពៃណីប្រទេសគេ។
- ត្រូវចេះសាមគ្គីគ្នា ជួយគ្នាក្នុងការសិក្សា និងត្រូវចេះកសាងទំនាក់ទំនងល្អជាមួយបណ្តានិស្សិតគ្រប់ប្រទេសដែលកំពុងសិក្សានៅទីនោះ។
- ត្រូវខិតខំយកចិត្តទុកដាក់រក្សាកិត្តិយសប្រទេសជាតិ និងអធិបតេយ្យជាតិ ដោយត្រូវយល់ដឹងអំពីច្បាប់ និងប្រពៃណីល្អរបស់ជាតិ ជួយផ្សព្វផ្សាយនូវអ្វីដែលជាប្រយោជន៍ដល់ជាតិយើង និងត្រូវចេះឆ្លើយតបរាល់ការចោទសួរពីសំណាក់និស្សិតបរទេសពីនយោបាយរបស់ផ្ទៃក្នុងរបស់កម្ពុជា។
ជាទីបញ្ចប់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានជូនពរជ័យលាភីទាំង ២១រូប សូមមានសុខភាពល្អ ធ្វើដំណើរហោះហើរទៅមកប្រកបដោយសុវត្ថិភាពគ្រប់ប្រការ និងជាពិសេស ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានក្រើនរំលឹកផងដែរដល់ជ័យលាភីទាំងអស់ សូមយកចិត្តទុកដាក់ខ្ពស់ថែរក្សាសុខភាព ជៀសផុតពីការឆ្លងជំងឺ COVID-19 ដែលកំពុងរាតត្បាតពាសពេញសាកលលោកនាពេលនេះ៕




