(ភ្នំពេញ)៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសក ហេង ឃាង ត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម ហេង សួរ ជារដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានទទួលមរណភាព នាថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០ និង១៨នាទីយប់ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយជរាពាធ។
ជាមួយនឹងទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមអគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃ ប.ស.ស. ទាំងអស់ បានសម្តែងនូវសមានទុក្ខសោកស្តាយអាឡោះអាល័យក្រៃលែង និងចូលរួមរំលែកនូវមរណទុក្ខជាមួយឯកឧត្តម ហេង សួរ និងលោកជំទាវ រួមទាំងក្រុមគ្រួសារ បងប្អូនកូនចៅទាំងអស់ ចំពោះការបាត់បង់នូវឪពុកបង្កើត ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់ របស់ក្រុមគ្រួសារ ដែលបានចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មានកូនចៅប្រកបដោយព្រហ្មវិហារធម៌ ដោយសោកស្តាយជាទីបំផុត។
ឯកឧត្តមអគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃ ប.ស.ស. បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសក ហេង ឃាង បានចាប់បដិសន្ធិក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕




