(អន្តរជាតិ)៖ នាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Boyko Borissov បានប្រកាសនៅលើហ្វេសប៊ុកផេករបស់លោកកាលពីថ្ងៃអាទិត្យថា លោកបានតេស្តវិជ្ជមានកូវីដ-១៩ ហើយលោកក៏កំពុងសម្រាកព្យាបាលនៅឯគេហដ្ឋានរបស់ខ្លួនផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ CGTN នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។
លោក Boyko Borissov បានសរសេរនៅលើហ្វេសប៊ុកផេករបស់ខ្លួនយ៉ាងដូច្នេះថា «បន្ទាប់ពីការធ្វើតេស្ត PCR ចំនួន២ដងនៅថ្ងៃនេះ ខ្ញុំទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ១៩» លោកបានបន្ថែមថា «បន្ទាប់ពីការសម្រេចចិត្តរបស់វេជ្ជបណ្ឌិតខ្ញុំនៅបន្តព្យាបាលនៅផ្ទះ»។
ជាមួយគ្នានេះផងដែល នាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Boyko Borissov ចាប់តាំងពីថ្ងៃសុក្រមកលោកបានផ្អាករាល់កិច្ចប្រជុំនិងព្រឹត្តិការណ៍សាធារណៈសម្រាប់ថ្ងៃខាងមុខ។
សូមរំលឹកថាប្រទេសតំបន់បាល់កង់មួយនេះមានករណីឆ្លងកូវីដ-១៩សរុប ៣៧,៥៦២ ករណី និងស្លាប់ចំនួន ១,០៨៤ករណី៕



