(ភ្នំពេញ)៖ ក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំនេះ ដែលនឹងត្រូវធ្វើឡើង នាថ្ងៃទី៣០-៣១ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកា ខាងមុខនេះ គឺយើងមិនមានរៀបចំពិធីអុំទូកទេ។ ប៉ុន្តែពិធីអកអំបុក សំពះព្រះខែ នៅតាមផ្ទះ យើងនឹងធ្វើជាធម្មតា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ការផ្អាពិធីបុណ្យអុំទូក នៅឆ្នាំនេះ ដោយសារតែបញ្ហាជំងឺកូវីដ១៩។
ជាមួយនឹងប្រសាសន៍ខាងលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា អំឡុងពេលបុណ្យអុំទូកនេះ គឺមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុននានា នៅតែត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក ជាធម្មតា។ អំឡុងពេលឈប់សម្រាកនេះ ក៏នឹងមានអ្នកទេសចរក្នុងស្រុកយើង ចេញទៅលេងកម្សាន្តតាមបណ្តាខេត្ត និងរមណីយដ្ឋាននានា។ ដូច្នេះសេដ្ឋកិច្ចយើង នៅតែបន្តដំណើរការ ទោះបីជាយើងរងផលប៉ះពាល់ពីកូវីដក៏ដោយ។
សូមរម្លឹកថា ពិធីបើកការដ្ឋានសាងសង់ស្ពាន ២ នាព្រឹកនេះ រួមមាន ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ។ ផ្លូវនេះ គ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។
ដោយឡែក ស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ និងចំណាយថវិកា ១,៦០៦,៣៥៣ ដុល្លាអាមេរិក។
ស្ពានបេតុងខ្សែកាប ១ខ្សែនេះ នៅពេលសាងសង់រួច នឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១។ ជាពិសេសជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្ស។
សូមបញ្ជាក់ថា នៅកោះនរា ស្ថិតក្នងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន OCIC ធ្វើជាទីក្រុងរណបថ្មីលើផ្ទៃដីជាង ១០០ហិកតា។ គម្រោងនេះ នឹងត្រូវរៀបចំអភិវឌ្ឍន៍ ដូចទៅនឹងទីក្រុងកោះពេជ្រ នាពេលបច្ចុប្បន្នដែរ៕


