សម្តេចតេជោ ហ៊ុន សែន ​ជំរុញឲ្យក្រសួងអប់រំពិនិត្យមើលសាលារៀនណាដែលលិចលង់ ​និងការខូចខាត ​មុននឹងឲ្យសិស្សចូលរៀន​ ក្រែងលោមានហានិភ័យ​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន បានជំរុញអោយក្រសួងអប់រំពិនិត្យមើលសាលារៀនណាដែលលិចលង់ គឺអោយត្រូវអាជ្ញាធរខ្លួនឯងតាមមូលដ្ឋាននីមួយៗ តាមដានមើលពីការខូចខាតរបស់សាលារៀន មុននឹងអោយសិស្សចូលរៀន ក្រែងលោមានហានិភ័យពេលសិស្សកំពុងសិក្សា។

ប្រសាសន៍របស់សម្តេចតេជោ ក្នុងពេលបន្តអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង នៅស្រុកអូរជ្រៅ នៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ(គោលដៅទី១ ចំនួន៥ពាន់គ្រួសារ) នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានពាំនាំនូវព្រះរាជសារផ្តាំសាកសួរសុខទុក្ខពីព្រះមហាក្សត្រ និងសម្តេចម៉ែ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមចូលរួមនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងគ្រោះដោយទឹកជំនន់នេះជាង៤ម៉ឺនគ្រួសារដែលរងគ្រោះ និងចូលរួមរំលែកទុក្ខ ចំពោះគ្រួសារដែលបានបាត់បង់ជីវិតក្នុងពេលមានគ្រោះទឹកជំនន់នេះផងដែរ ដែលមានចំនួន២២នាក់បានបាត់បង់ជីវិត ក្នុង៣៩នាក់ទូទាំងប្រទេស។ 

ក្នុងនោះសម្តេចតេជោបានផ្តល់ជូនគ្រួសារដែលបាត់សជិកសម្រាប់រៀបចំបុណ្យសពចំនួន១២លានរៀល និងមានសប្បុរសជនបានបរិច្ចាគបន្ថែម ចំនួន៤លានទៀត​ ដូច្នេះ១គ្រួសារទទួលបាន១៦លានរៀល។ នេះគឺជារឿងដែលគួរអោយសោកស្តាយ ក៏ប៉ុន្តែអ្វីដែលសំខាន់យើងត្រូវតែជួយគ្នាក្នុងគ្រាមានអាសន្ននេះ ។ 

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ទោះជាយ៉ាងណាក៏ដោយ ពេលនេះពេលយើងកំពុងមានទុក្ខនោះ គឺមានកម្លាំងមហាជនជាច្រើនបានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការជួយបងប្អូនប្រជាពលរដ្ឋយើង ដែលរហូតមកដល់ពេលនេះយើងទទួលបានការបរិច្ចាគថវិកាពីបណ្តាសប្បុរសជនប្រមាណជាង៨លានដុល្លារ។ 

សម្តេចតេជោបានបន្តទៀតថា ក្នុងកាលៈទេសៈនេះ យើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ផង រួមគ្នាទប់ទល់ការលំបាកដោយគ្រោះទឹកជំនន់ផង។ ក្នុងដំណាក់កាលនៃជំងឺកូវីដ១៩នេះ សម្តេចតេជោ នៅតែបន្តអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូងការពារខ្លួនជាប់ជាប្រចាំ ជាពិសេសការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ 

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានគិតរួចជាស្រេចហើយថា ក្រោយទឹកជំនន់ រាជរដ្ឋាភិបាលបានត្រៀមពូជស្រូវចំនួន២,០០០តោន ដែលជាពូជស្រូវមិនប្រកាន់រដូវ ដោយក្នុងមួយគ្រួសារនឹងទទួលបាន ១០០គីឡូក្រាម ហើយផ្តល់ជូនសម្រាប់តែអ្នកដែលខូចខាតតែប៉ុណ្ណោះ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋមិនធ្វើស្រូវ តែពួកគាត់ដាំដំណាំនោះ គឺរាជរដ្ឋាភិបាលនឹងផ្តល់នូវពូជចំនួន០៦មុខដំណាំ ដើម្បីទុកបង្ករបង្កើនផលក្រោយទឹកស្រកវិញ ថែមទាំងមានគ្រឿងចក្រកសិកម្មមកបម្រើជូនប្រជាកសិករផងដែរ។ សម្តេចតេជោ ក៏បានអោយក្រសួងពាក់ព័ន្ធទាំងអស់ត្រូវមានការវាយតម្លៃនៃការខូចខាតរបស់ប្រជាពលរដ្ឋក្នុងពេលទឹកជំនន់ ជាពិសេសក្រសួងកសិកម្ម ដោយយើងដោះស្រាយជូនតែអ្នកដែលខូចខាតទេ។

សម្តេចតេជោបានមានប្រសាសន៍ថា ក្រោយពេលសម្តេចចែករួចនៅថ្ងៃនេះ សម្តេចនឹងប្រគល់អោយឯកឧត្តម គន់ គឹម អនុប្រធានទី១គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនឹងបន្តចែកជូនបងប្អូនប្រជាពលរដ្ឋ ជាបន្តទៀតដែលនៅសេសសល់។ ទាក់ទងវិស័យអប់រំវិញ សម្តេចបានជំរុញអោយក្រសួងអប់រំពិនិត្យមើលសាលារៀនណាដែលលិចលង់ គឺអោយត្រូវអាជ្ញាធរខ្លួនឯងតាមមូលដ្ឋាននីមួយៗ តាមដានមើលពីការខូចខាតរបស់សាលារៀន មុននឹងអោយសិស្សចូលរៀន ក្រែងលោមានហានិភ័យពេលសិស្សកំពុងសិក្សានោះ។

សម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណចំពោះបណ្តាសប្បុរសជន ដែលជួយផ្តល់ជាថវិកាក្តីជាសម្ភារៈស្បៀងអាហារក្តី តាមរយៈរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការចុះចែកផ្ទាល់ដល់ប្រជាជនដែលរងគ្រោះ។​ សម្តេចតេជោក៏បានកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះប្រជាជននៅតំបន់រងគ្រោះដែលនេះ ដែលបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយនៃជាតិយើង។

សម្តេចតេជោបានមានប្រសាសន៍ថា អ្វីដែលសំខាន់គឺការជម្លៀសប្រជាជនចេញពីកន្លែងរងគ្រោះអោយបានដើម្បីជៀសវាងការគ្រោះថ្នាក់ដល់អាយុជីវិត។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាសុខភាពជាអោយបានល្អ ជាពិសេសការការពារការចម្លងការរីករាលដាលជំងឺកូវី១៩ ក៏ដូចជាជំងឺអសន្នរោគផ្សេងៗ ដែលអាចកើតមានឡើងនៅពេលទឹកជំនន់ និងក្រោយពេលទឹកស្រក ធ្វើយ៉ាងណាត្រូវហូបស្អាត ផឹកស្អាត និងការរស់នៅប្រកបដោយអនាម័យល្អ។ 

ចំពោះអំណោយដែលផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាំពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូ, មី១កេស, ទឹកត្រី១យួ, ទឹកស៊ីអ៊ីវ១យួ, ទឹកបរិសុទ្ធ១កេះធំ, ឃីត១ (មុង១ ភួយ១ ខ្នើយ១ ក្រមា១ កន្ទេល១) និងថវិកា ៥ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង
អាជ្ញាធរបន្តការងារកាយប្រឡាយ ​និងបើកមុខទឹក រំដោះទឹកភ្លៀងតាមបណ្តាខេត្ត ​ដើម្បីបញ្ជៀសការគំរាមកំហែងពីជំនន់ទឹកភ្លៀង​
ព័ត៌មានជាតិ
ជំនន់​ទឹកភ្លៀង បង្កើន​ឥទ្ធិពល​ដល់ ២០​រាជធានី​ខេត្ត ហើយ​ប្រជាជន​រងគ្រោះ កើន​ដល់​ជាង ៥៣​ម៉ឺន​នាក់​
ព័ត៌មានជាតិ
កំណត់ត្រាថ្មី! ​សម្បុកសត្វចង្កៀលខ្យងជាងពីរពាន់ត្រូវបានរកឃើញជាលើកដំបូង​ ​នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ​ខេត្តតាកែវ
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ ​ក្នុងកាលៈទេសៈនេះ ​យើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ផង​ រួមគ្នាទប់ទល់ការលំបាកដោយគ្រោះទឹកជំនន់ផង​
ព័ត៌មានជាតិ
មកដល់ពេលនេះ ​សម្តេចតេជោ ហ៊ុន សែន ​ទទួលបានការបរិច្ចាគថវិកាពីបណ្តាសប្បុរសជនប្រមាណជាង ​៨លានដុល្លារ ​ដើម្បីជួយដល់ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
រដ្ឋាភិបាលត្រៀមពូជស្រូវមិនប្រកាន់រដូវចំនួន ​២ពាន់តោន ​ដើម្បីផ្តល់ជូនពលរដ្ឋខូចខាត​ ក្នុងមួយគ្រួសារនឹងទទួលបាន ​១០០គីឡូក្រាម
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី