(ភ្នំពេញ)៖ នៅព្រឹកព្រលឹមថ្ងៃទី២៤ ខែតុលានេះ ក្រសួងសុខាភិបាល បានប្រកាសថា នៅកម្ពុជា មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ៣នាក់ រួមមាន បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ បុរសជនជាតិខ្មែរម្នាក់ និងស្ត្រីជនជាតិបារាំងម្នាក់។
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលថា មានបុរសជនជាតិបារាំង អាយុ ៣៧ឆ្នាំ បានឆ្លងជំងឺកូវីដ១៩។ បុរសបារាំងនេះ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរ នៅប្រទេសចិន ( តៃវ៉ាន់ ) បានមកដល់កម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់បុគ្គលនេះ គឺមានវីរុស កូវីដ១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាល បានកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះ ជាមួយអ្នកជំងឺជនជាតិបារាំងនេះ សរុបមានចំនួន ៨៥នាក់ ( ស្រី ២៦នាក់ កុមារ ៣នាក់ និងទារក ៣នាក់ )។
ក្រសួងសុខាភិបាល បានប្រកាសថា គិតមកដល់ម៉ោង ៧ ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅទូទាំងប្រទេសកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៨៧នាក់ ( ស្ត្រី ៥៨នាក់ និងបុរស ២២៩នាក់ )។ ក្នុងនោះ ២៨៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ ( បុរសជនជាតិខ្មែរ ២នាក់ ស្ត្រីជនជាតិខ្មែរ ម្នាក់ និងបុរសជនជាតិបារាំង ម្នាក់ )៕




