(ភ្នំពេញ)៖ កិច្ចប្រជុំពេញគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ នេះ បានសម្រេចអនុម័ត និងគាំទ្រទាំងស្រុង លើ “សេចក្ដីព្រាងច្បាប់ ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១”។
សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ ត្រូវបានរៀបចំឡើង នៅក្នុងបរិការណ៍ដែលជំងឺកូវីដ-១៩ ដ៏កាចសាហាវបាននិងកំពុងយាយី ហើយនាំមកនូវផលប៉ះពាល់ អវិជ្ជមានបញ្ហាប្រឈម និងហានិភ័យជាច្រើន ដែលមិនធ្លាប់មានពីមុនមកចំពោះតំបន់ និងពិភពលោកទាំងមូលដោយគ្មានការលើកលែងចំពោះប្រទេសណាមួយឡើយ ព្រមទាំងបានធ្វើឱ្យមនុស្សរាប់លាននាក់បាត់បង់ការងារធ្លាក់ចុះនូវប្រាក់ចំណូលហើយ ប្រជាជនមួយចំនួនធំនៅលើពិភពលោកធ្លាក់ចូលទៅក្នុងភាពក្រីក្រវិញ។
សេចក្តីថ្លែងហេតុ បន្ថែមថា ថវិកាឆ្នាំ២០២១ គឺជាថវិកាប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីធានាសុខសន្តិភាព ស្ថិរភាពសង្គម និងចីរភាពនៃកំណើនសេដ្ឋកិច្ច ព្រមទាំងភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយនឹងការបន្តលើកស្ទួយសុខុមាលភាពរបស់ប្រជាជន៕



