(បាងកក)៖ មេដឹកនាំបាតុកម្មនៅប្រទេសថៃបានឱសានវាទមួយ ទៅកាន់នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា ឱ្យចុះចេញពីតំណែង បើមិនដូច្នេះទេ គាត់នឹងប្រឈមជាមួយអ្នកតវ៉ាពេញដងផ្លូវជាថ្មីទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ NHK នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។
ថ្លែងទៅកាន់ហ្វូងបាតុករកាលពីថ្ងៃពុធ កញ្ញា Patsaravalee Tanakitvibulpon បាននិយាយថា៖«ប្រសិនបើគាត់មិនលាលែងពីតំណែងក្នុងរយៈពេល ៣ថ្ងៃ គាត់នឹងប្រឈមមុខនឹងមហាជនម្តងទៀត»។ ប៉ុន្មានម៉ោងបន្ទាប់ពីកញ្ញាបានថ្លែងបែបនេះ កញ្ញាក៏ត្រូវបានប៉ូលីសចាប់ខ្លួនភ្លាម ខណៈដែលប៉ុន្មានសប្ដាហ៍កន្លងមកនេះ មេដឹកនាំបាតុករជាច្រើនត្រូវបានប៉ូលីសថៃចាប់ខ្លួនជាបន្ដបន្ទាប់។
ទីក្រុងបាងកកប្រឈមនឹងការធ្វើបាតុកម្មទ្រង់ទ្រាយធំ ៨ថ្ងៃ ជាប់ៗគ្នាមកហើយ គិតត្រឹមថ្ងៃពុធម្សិលមិញនេះ។ ប៉ូលីសនិយាយថា មនុស្សរាប់ម៉ឺននាក់បានដើរក្បួនទៅកាន់ការិយាល័យនាយករដ្ឋមន្ត្រី ហើយអ្នករៀបចំការតវ៉ាបាននិយាយថា ចំនួនអ្នកចូលរួមមានជិត ៥០,០០០នាក់៕



