(ភ្នំពេញ)៖ យោងតាមរបាយការណ៍មានចំនួនដល់ទៅជិត១លានគ្រួសារ ឬជាង៣២% នៃចំនួនគ្រួសារទាំងអស់នៅកម្ពុជា មានដីស្រែដាំស្រូវ តិចជាងមួយហិកតា ដែលការណ៍នេះមានន័យថា កសិករខ្នាតតូចទាំងនេះ មានហានិភ័យខ្ពស់លើការដាំដុះដំណាំស្រូវ ដែលមិនអាចឆ្លើយទៅនឹងទីផ្សារនាំចេញនោះឡើយ ហើយជាពិសេសនោះ គឺថ្លៃដើមផលិតកម្មខ្ពស់។ នេះបើតាមការឲ្យដឹងក្នុងវេទិកាកសិករថ្នាក់ជាតិ លើកទី៩ ក្រោមប្រធានបទ “កសិករខ្នាតតូចក្នុងស្ថានភាពកូវីដ១៩” នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០រៀបចំឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា។
វេទិកានេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ក្នុងគោលបំណង ទីមួយគឺដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពកសិផលរបស់កសិករខ្នាតតូច ឆ្លើយតបនឹងតម្រូវការទីផ្សារ ទីពីរ គឺដើម្បីជំរុញការអនុវត្តគោលនយោបាយដែលពាក់ព័ន្ធ ជាពិសេសយន្តការគាំទ្រកសិករខ្នាតតូច ឆ្លើយតបផលប៉ះពាល់នៃកូវីដ១៩ ទីបីគឺ ដើម្បីពង្រឹងកិច្ចសហការ និងភាពជាដៃគូរ ដើម្បីគាំទ្រកសិករខ្នាតតូច លើការវិនិយោគកសិកម្ម និងកសិធុរៈកិច្ច ក្នុងស្ថានភាព និងក្រោយការរីករាលដាលនៃជំងឺកូវីដ១៩។
ប្រធានបទសំខាន់ៗចំនួន៣នៅក្នុងប្រធានបទរួមនេះ ត្រូវបានលើកឡើងជាវេទិកាជជែកពិភាក្សា រួមមាន ទីមួយ គុណភាព និងសុវត្ថិភាពកសិកផល ឆ្លើយតបនឹងតម្រូវការទីផ្សារ ទីពីរ គោលនយោបាយនិងយន្តការ ឆ្លើយតបផលប៉ះពាល់នៃកូវីដ១៩ និងទីបីគឺ និន្នាការនៃការវិនិយោគកសិកម្ម និងកសិធុរៈកិច្ច ក្នុងស្ថានភាពកូវីដ១៩ ដែលប្រធានបទទីបីនេះមានការចូលរួមជាវាគ្មិនពិភាក្សាពីសំណាក់ក្រុមហ៊ុននាំចេញអង្ករ ដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ។
ឯកឧត្តម ឡូយ សុផាត បានលើកឡើងពីការអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាពជាបន្ទាន់ ឆ្លើយតបទៅនឹងស្ថានភាពកូវីដ១៩ ពីរាជរដ្ឋាភិបាល ដែលទប់ស្កាត់ការឆ្លងរីករាលដាលនៅក្នុងសហគមន៍ អាចឱ្យប្រជាកសិករអាចនិងកំពុងបន្តផលិតនូវផលិតផលកសិកម្មដែលមានសក្តានុពលនានា ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ។
នៅក្នុងសុន្ទរកថាគន្លឹះរបស់ ឧកញ៉ា សុង សារ៉ន ដែលបានចាប់អារម្មណ៍ខ្ពស់ចំពោះសក្តានុពលនៃការផលិតផលិតផលកសិកម្មតាមបែបពិពិធកម្ម របស់កសិករខ្នាតតូច បន្ថែមពីការដាំដុះដំណាំស្រូវដែលមានស្រាប់នៅលើផ្ទៃដីរបស់ពួកគាត់។ ក្នុងនោះ លោកឧកញ៉ា បានគូសបញ្ជាក់អំពីចំនួនកសិករខ្នាតតូចនៅក្នុងប្រទេសកម្ពុជា ដែលយោងតាមរបាយការណ៍មានចំនួនដល់ទៅជិត១លានគ្រួសារ ឬជាង32% នៃចំនួនគ្រួសារទាំងអស់នៅកម្ពុជា មានដីស្រែដាំស្រូវ តិចជាងមួយហិកតា ដែលការណ៍នេះមានន័យថា កសិករខ្នាតតូចទាំងនេះ មានហានិភ័យខ្ពស់លើការដាំដុះដំណាំស្រូវ ដែលមិនអាចឆ្លើយទៅនឹងទីផ្សារនាំចេញនោះឡើយ ហើយជាពិសេសនោះ គឺថ្លៃដើមផលិតកម្មខ្ពស់។ កសិករខ្នាតតូចមិនអាចមាននិរន្តរភាពសេដ្ឋកិច្ច ដោយពឹងផ្នែកពីដំណាំស្រូវមួយមុខបាននោះឡើយ ជាពិសេសក្នុងស្ថានភាពនៃជំងឺកូវីដ១៩ ដែលចាំបាច់ឱ្យកសិករត្រូវរៀនរស់បែបថ្មី (New normal) និងទាញយកសក្តានុពលនិងឱកាសដែលអាចធ្វើទៅបាន នៅក្នុងការធ្វើពិពិធកម្មកសិកម្មរបស់ខ្លួន ក្រៅពីដំណាំស្រូវតែមួយមុខនេះ។
ជាគំនិតយោបល់ លោកឧកញ៉ា សុង សារ៉ន ចង់ឱ្យកសិករខ្នាតតូចគិតអំពីការអនុវត្តការធ្វើកសិកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ជាក់ស្តែង ទីមួយគឺ ស្តង់ដារការអនុវត្តកសិកម្មល្អ (Good Agriculture Practice, GAP) និងទីពីរគឺ ស្តង់ដារសរីរាង្គ។ ស្តង់ដារទាំងពីរនេះ តាំងទាមឱ្យកសិករត្រូវធ្វើខ្លួនជាសហគ្រិនកសិករដោយបន្តអនុវត្តនូវបទដ្ឋានស្តង់ដារទាំងនេះផ្អែកលើការរំពឹងទុកនៃផលដែលទទួលបាននៅក្នុងរយៈពេលវែង ដើម្បីធានានូវនិរន្តរភាព។ បន្ថែមពីលើនេះ លោកឧកញ៉ា បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកសិ-បច្ចេកវិទ្យា (Agri-Tech) ក្នុងការធានានូវភាពប្រកួតប្រជែង តម្លាភាព និងសុចរិតភាព ជាក់ស្តែង បច្ចេកវិទ្យាជាទម្រង់មួយធានានូវការជឿទុកចិត្តរវាងភាគីទាំងពីរ ពោលគឺទាំងអ្នកផលិត (កសិករ) និងអ្នកទិញ (ក្រុមហ៊ុន)។
វេទិកាកសិករថ្នាក់ជាតិដ៏មានសារៈសំខាន់នាថ្ងៃនេះ នឹងក្លាយទៅជាវេទិកាស្វែងយល់ ពិភាក្សា ចែករំលែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកយន្តការសមស្របនៅក្នុងការប្រែក្លាយកសិកម្ម ទៅជាកសិ-ធុរកិច្ច និងកសិ-ពាណិជ្ជកម្ម ឆ្លើយតបទៅនឹងបរិបទនៃកូវីដ១៩៕




