(អន្តរជាតិ)៖ រដ្ឋាភិបាលថៃ បានជំរុញឱ្យមានហាមឃាត់កម្មវិធីទំនាក់ទំនង Telegram ដោយបានអះអាងថា បង្កការគំរាមកំហែងដល់សន្តិសុខជាតិ នៅក្រោមក្រឹត្យបន្ទាន់មួយ ដែលប្រទេសថៃទើបតែដាក់ចេញនាពេលថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ The Nation Thailand នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
កាលពីថ្ងៃសុក្រកន្លងទៅ ថៃបានបង្ក្រាបទំព័រ Facebook របស់ក្រុមចលនា Free Youth (យុវជនសេរី) ហើយក្រោយមកពួកគេ និងក្រុមបាតុករ ក៏បានប្ដូរទៅប្រើបណ្ដាញ Telegram សម្រាប់ការទាក់ទងនិងផ្ដល់ព័ត៌មានគ្នា ដែលជាហេតុអាជ្ញាធរថៃចង់ហាមឃាត់ ឬរឹតត្បឹតលើបណ្ដាញទំនាក់ទំនងសង្គមមួយនេះ។
ក្រសួងសេដ្ឋកិច្ចឌីជីថលនិងសង្គម (DES) បានស្នើឱ្យគណៈកម្មាធិការជាតិផ្សព្វផ្សាយ និងទូរគមនាគមន៍ (NBTC) លុបព័ត៌មាននៅលើកម្មវិធី Telegram ដោយអះអាងថា វាបានរំលោភលើក្រឹត្យបន្ទាន់ដែលបានដាក់កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃបាតុកម្មប្រឆាំងរដ្ឋាភិបាល។
គួររំលឹកថា ក្រឹត្យហាមប្រាមការប្រមូលផ្តុំមនុស្ស ៥នាក់ ឬច្រើនជាងនេះ និងការផ្សព្វផ្សាយព័ត៌មាន ដែលគំរាមកំហែងដល់សណ្តាប់ធ្នាប់សាធារណៈ៕




