(ភ្នំពេញ)៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំសិក្ខាសាលាស្តីពី “ការវិវឌ្ឍសម្លៀកបំពាក់អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ” ក្រោមអធិបតីភាពលោកជំទាវ សុទ្ធ សុម៉ាលី តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
សិក្ខាសាលានេះ ជាជំនួបពិភាក្សា សួរ-ឆ្លើយ និងចែករំលែកចំណេះដឹងរវាងអ្នកសិក្សាស្រាវជ្រាវផ្នែកវប្បធម៌ អារ្យធម៌ ក្រុមផ្នួង អ្នកច្នៃម៉ូត និងសិស្ស-និស្សិត ពាក់ព័ន្ធនឹងការប្រើប្រាស់សម្លៀកបំពាក់ក្នុងពិធីអាពាហ៍ពិពាហ៍។
ក្នុងឱកាសបិទអង្គសិក្ខាសាលាលោកជំទាវបានមានចំណាប់អារម្មណ៍ និងផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់លើចំណុចសំខាន់ជាទស្សនៈទានបីគឺ៖
១-អ្នកសិក្សាស្រាវជ្រាវត្រូវរួមគ្នាបន្តចែករំលែក និងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយបន្ថែមទៀតដល់ស្រទាប់ប្រជាជន ពិសេសយុវវ័យ ដើម្បីបានស្គាល់នូវតម្លៃនៃមរតកសម្លៀកបំពាក់បុរាណរបស់ជាតិ។
២-នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ត្រូវបន្តកិច្ចសហការជាមួយវិស័យឯកជន អង្គការ សមាគម និងអ្នកជំនាញខាងវប្បធម៌ ដើម្បីបង្កើតវេទិកាជួបជុំផ្លាស់ប្តូរចំណេះដឹងដល់យុវជន សិស្ស-និស្សិតឲ្យបានចូលរួម ទទួលយក និងបញ្ចេញទស្សនៈយោបល់ផ្សេងៗទាក់ទងការអភិរក្ស និងអភិវឌ្ឍន៍មរតកវប្បធម៌។
៣-អ្នកសម្អាង អ្នកច្នៃម៉ូតគួរធ្វើការរួមគ្នាជាមួយអ្នកស្រាវជ្រាវផ្នែកសិល្បៈវប្បធម៌ ក៏ដូចជាក្រសួងស្ថាប័នដែលធ្វើការពាក់ព័ន្ធ រកមធ្យោបាយក្នុងការបង្កើត និងច្នៃម៉ូតសម្លៀកបំពាក់ថ្មីៗ ឈរលើមូលដ្ឋានវប្បធម៌ និងប្រពៃណីខ្មែរដោយឈ្វេងយល់អំពីលក្ខណៈ ពណ៌សម្បុរ បច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះវប្បធម៌ និងទំនៀមរបស់ដូនតា ចៀសវាងការចម្លងយកម៉ូតបរទេសទាំងស្រុងយកមកប្រើ៕




