(ភ្នំពេញ)៖ បេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស. បានរម្លឹកថា គ្រោះថ្នាក់ អាចកើតឡើងគ្រប់ពេលវេលា។ ដូច្នេះការយកកាត ប.ស.ស. តាមខ្លួន មានសារៈសំខាន់ណាស់។
ក្នុងករណីរាល់សមាជិក ប.ស.ស. ទាំងអស់ មានគ្រោះថ្នាក់ការងារ សូម៖
- ទូរស័ព្ទបន្ទាន់ទៅលេខ ១២៨៦ ដើម្បីរាយការណ៍ និងទទួលបានការសម្របសម្រួល
- ត្រូវប្រញ៉ាប់បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យរដ្ឋ ឬឯកជន ដែលនៅជិតបំផុត
- បើទៅមន្ទីរពេទ្យរដ្ឋ សូមសួររកភ្នាក់ងារ ប.ស.ស. និងបង្ហាញកាតសមាជិក ប.ស.ស. ដើម្បីទទួលបានសេវាព្យាបាល ដោយមិនបង់ប្រាក់
- ករណីសង្គ្រោះបន្ទាន់ អាចទៅមន្ទីរពេទ្យមិនមែនដៃគូ ប.ស.ស. ដែលនៅជិតលោកអ្នកបំផុត នោះអ្នកត្រូវបង់ថ្លៃព្យាបាលខ្លួនឯង ជាមុន រួចស្នើសុំទូទាត់មក ប.ស.ស. វិញ តាមក្រោយ។
តើអ្វីទៅជាការធានារ៉ាប់រងផ្នែកហានិភ័យការងារ (គ្រោះថ្នាក់ ការងារ និងជំងឺវិជ្ជាជីវៈ)?
- ការធានារ៉ាប់រងផ្នែកហានិភ័យការងារ (គ្រោះថ្នាក់ ការងារ និងជំងឺវិជ្ជាជីវៈ) គឺជាការធានាទៅលើគ្រោះថ្នាក់ទាំងឡាយណា ដែលកើតឡើង ចំពោះកម្មករនិយោជិត ក្នុងពេលបំពេញការងារ ទាំងនៅកន្លែងធ្វើការផ្ទាល់ និងទាំងពេលធ្វើដំណើរ ទាំងទៅទាំងមកពីផ្ទះ ទៅកន្លែងធ្វើការ ដោយមិនវៀងទៅកន្លែងណាផ្សេង សម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួន៕



