(រតនគិរី)៖ ចាប់ពីឆ្នាំ២០០៩ ដល់ខែសីហា ឆ្នាំ២០២០ ប្រទេសកម្ពុជា រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម មានផ្ទៃដីប្រមាណជាង ៨៩៤ គីឡូម៉ែត្រក្រឡា ក្នុងនោះ បានបោសម្អាតរួច មានប្រមាណជាង ១៨៥ គីឡូម៉ែត្រការ៉េ និងផ្ទៃដីនៅសល់មានប្រមាណជាង ៧៤៣ គីឡូម៉ែត្រការ៉េ ទៀត។ នេះបើតាមឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន។
ឯកឧត្តម លី ធុច បានលើកឡើងដូច្នេះ ជម្រាបជូនឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លោក W. Patrick Murphy កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក្នុងពេលទស្សនកិច្ចការងារបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការ MAG និងអង្គការ NPA នៅខេត្តរតនគិរី។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម លី ធុច និងឯកអគ្គរដ្ឋទូត បានចុះពិនិត្យម៉ាស៊ីនគាំទ្រប្រតិបត្តិការបោសសម្អាតគ្រាប់របស់អង្គការ MAG ដែលជាជំនួយរបស់សហរដ្ឋអាមេរិក នៅក្រុងបានលុង និងលទ្ធផលនៃការបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការ NPA នៅវិទ្យាល័យត្រពាំងក្រហម ស្រុកកូនមុំ ព្រមទាំងបានមើលការប្រកួតបាល់ទាត់នារីរវាងអ្នកដោះមីន/គ្រាប់របស់អង្គការ MAG និងអង្គការ NPA ផងដែរ។
លោកទេសរដ្ឋមន្ត្រី លី ធុច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាដ៏សប្បុរស ដែលបានផ្តល់ដោយរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ក្នុងការរួមចំណែកកាត់បន្ថយការគម្រាមកំហែង ដោយសារគ្រាប់មីន និងគ្រាប់បែកចង្កោម និងសង្គ្រោះជីវិតមនុស្សនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ក្នុងទឹកប្រាក់ប្រមាណជាង ១៦០លានដុល្លារ តាមរយៈ WRA (Weapon Removal and Abatement) និងកម្មវិធី HDR& D (Humanitarian Demining, Research and Development) ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុច បានស្នើសុំឲ្យរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក បន្តជួយគាំទ្រ៖ ទី១/ បង្កើននូវកញ្ចប់ថវិការបស់ខ្លួន ក្នុងការចូលរួមលើការងារបោសសម្អាតមីន និងគ្រាប់បែកចង្កោមនៅកម្ពុជា ទី២/ ជួយកសាងសមត្ថភាពថ្នាក់ជាតិ ក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះរយៈពេលវែង ក្រោយឆ្នាំ២០២៥ និងទី៣/ គាំទ្រការបង្កើតបន្ថែមក្រុមការងារបច្ចេកទេសស្រាវជ្រាវចម្ការគ្រាប់បែកចង្កោម។
ឯកឧត្តម លី ធុច បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យ និងគោលដៅច្បាស់លាស់ ក្នុងការបញ្ចប់ការគម្រាមកំហែងដោយសារមីន ដែលយើងបានដឹងអោយអស់ នៅត្រឹមឆ្នាំ២០២៥ ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ដែលក្នុងនោះ ក៏បានលើកឡើងក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម ដោយកំណត់ក្នុងគោលដៅទី២ របស់ខ្លួនផងដែរ។
ជាមួយគ្នានេះ ឯកឧត្ដម W. Patrick Murphy បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយមនុស្សធម៌លើការងារបោសសម្អាតមីន/គ្រាប់ នៅកម្ពុជាធំមួយ ក្នុងគោលដៅចូលរួមផ្តល់នូវសុខសុវត្ថិប្រភពជូនប្រជាពលរដ្ឋកម្ពុជា ហើយសហរដ្ឋអាមេរិក នឹងប្តេជ្ញាបន្តឈរជាមួយកម្ពុជា ក្នុងការបញ្ចប់ការគំរាមកំហែង ដោយសារមីន អោយអស់នៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ៕










