(ខេត្តបន្ទាយមានជ័យ)៖ ដូចការគ្រោងទុក នាម៉ោងជាង ៧ព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋ ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ពិធីចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នឹងត្រូវធ្វើឡើង ពីរគោលដៅ នៅថ្ងៃទី២១ និង២២ ខែតុលា ឆ្នាំ២០២០៖
- គោលដៅទី១៖ នៅបរិវេណចំណុចទីទួលសុវត្ថិភាព (ផ្លូវជាតិលេខ៥-ផ្លូវវៀង) ភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី។
- គោលដៅទី២៖ ផ្សារធំថ្មី បូរីជ័យII ចំការតាដោក ភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី។
សូមរម្លឹកថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដំណើរ តាមរថយន្ត ចាកចេញពីភ្នំពេញ ទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខ និងជួយឧបត្ថម្ភប្រជាជន ប្រមាណ ពីរម៉ឺនគ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។
សម្តេចតេជោ លើកឡើងថា សម្តេច នឹងបំពេញការងារពីរថ្ងៃ នៅខេត្តបន្ទាយមានជ័យ គឺថ្ងៃ២១ និងថ្ងៃ២២ ខែតុលា ឆ្នាំ២០២០ មុននឹងត្រឡប់មកភ្នំពេញវិញ ដើម្បីដឹកនាំការប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃ២៣ ខែតុលា ឆ្នាំ២០២០។
សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ជាខេត្ត ដែលរងគ្រោះធ្ងន់ជាងគេ និងយូរជាងគេ ដែលចាំបាច់ ត្រូវផ្តល់អាទិភាពសង្គ្រោះផង និងស្តារឡើងវិញ ក្រោយទឹកជំនន់ផង។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណសប្បុរសជន ដែលជួយផ្តល់ជាថវិកា សម្ភារៈ ស្បៀងអាហារ។ល។ តាមរយៈរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិ ឬចុះចែកផ្ទាល់ដល់ប្រជាជន ដែលរងគ្រោះ។
សម្តេច ក៏សូមកោតសរសើរចំពោះស្ថាប័នថ្នាក់ជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃក្រុមយុវជនទាំងអស់ ដែលបានចូលរួមជួយសង្គ្រោះប្រជាជននៅតំបន់រងគ្រោះ ដែលនេះ បានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំ និងទូលំទូលាយនៃជាតិយើង។
នៅពេលនេះ ខេត្តបន្ទាយមានជ័យ កំពុងរងគ្រោះខ្លាំង ដោយសារជំនន់ទឹកភ្លៀង ដែលហូរមកពីប្រទេសថៃ។ ក្នុងនោះ នៅក្រុងប៉ោយប៉ែត បានរងផលប៉ះពាល់ខ្លាំងជាងគេ៕




