(ខេត្តបន្ទាយមានជ័យ)៖ នាម៉ោងជាង ៧ព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសព្រមានដល់ក្រុមអ្នកចង់មកធ្វើបាតុកម្ម នៅមុខស្ថានទូតចិន ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៣តុលា ដែលជាខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីឆ្នាំ១៩៩១ សូមឲ្យប្រយ័ត្នប្រយែង កុំមកធ្វើបាតុកម្ម ព្រោះពេលនេះ ប្រទេសកម្ពុជាយើង កំពុងជួបគ្រោះទឹកជំនន់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «គេចង់ធើបាតុកម្ម! ខ្ញុំគ្រាន់តែផ្តាំអ្នកដែលចង់មកធ្វើបាតុកម្ម នៅមុខស្ថានទូតចិន នៅទីក្រុងភ្នំពេញ ( នាថ្ងៃទី២៣ ខែតុលា ) សូមប្រយ័ត្នប្រយែង! គេកំពុងតែទឹកលិចណា៎! កុំមកអាញ៉េអាញ៉ៃវើយ! ប្រាប់ឲ្យហើយ! និយាយគ្នាស្តាប់ឲ្យបាន! តិចថា ខន្តីញោម!»។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ខ្ញុំសូមជម្រាបថា មុខសញ្ញា ដែលប្រុងឡើងមកភ្នំពេញ។ ឥឡូវគេមិនសូវយកអ្នកភ្នំពេញទេ។ គេយកមកពីតាមខេត្ត ដើម្បីមកធ្វើបាតុកម្ម។ មុខសញ្ញាអ្នកឯង គេគ្រប់គ្រងបានហើយ! ផ្តាំផ្ញើទៅ! កុំមកចង់ដាក់ញត្តិអី នៅថ្ងៃ២៣តុលាហ្នឹង! អាអ្នកចុះហត្ថលេខា ថ្ងៃ២៣តុលានេះ នៅទីនេះ ម្នាក់! សុទ្ធតែអ្នកចុះហត្ថលេខាក្រុងប៉ារីស! ឯងអ្នកចុះហត្ថលេខាក្រុងប៉ារីសអីនឹងគេដែរ! មកធ្វើបាតុកម្មហ្នឹង! ហើយស្គាល់កិច្ចព្រមព្រៀងប៉ារីសច្បាស់ទេ? អ្នកចរចាកិច្ចព្រមព្រៀងប៉ារីសនេះ! វាទៅជាឆ្កួតឡប់ ទៅជាបាតុកម្ម ក្នុងប្រទេសផង បាតុកម្មក្រៅប្រទេសផង។ ក្នុងពេលលោកឯងប្រជុំ ខ្ញុំទទួលរបាយការណ៍នៅភ្នំពេញអស់ទៅហើយ! អាហ្នឹងបញ្ជាមកពីក្រៅប្រទេសមក។ អីចឹងខ្ញុំគ្រាន់តែផ្តាំផ្ញើទៅវិញទេ! យើងកំពុងតែទឹកជំនន់ផង កុំមកអាញ៉េអាញ៉ៃ។ កំពុងតែខូវីដផង កំពុងតែទឹកជំនន់ផង កុំរញ៉េរញ៉ៃ! ហើយកុំទៅលើកម្រាមដៃ៣ ទៅចូលរួមជាមួយថៃ។ គេដាក់ត្រឡប់មកវិញថា កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គេ។ ខាងថៃ គេដាក់មកវិញ កុំចង់សាមគ្គីភាពជាមួយប្រជាជនថៃ! រឿងថៃ ជារឿងរបស់ថៃ ហើយរឿងខ្មែរ ជារឿងរបស់ខ្មែរ។ នៅពេលនេះ កម្លាំងយើងទាំងអស់ ត្រូវប្រមូលផ្តុំ ដើម្បីជួយសង្គ្រោះប្រជាជនយើង ក្នុងគ្រាមានអាសន្ននេះ»៕




