(ខេត្តបន្ទាយមានជ័យ)៖ ក្នុងពេលជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាម៉ោងជាង ៧ព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នាព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ សម្តេចត្រូវដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ដ៏សំខាន់មួយ គឺសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ ឬហៅដោយខ្លីថា ច្បាប់ថវិកាជាតិ ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា បន្ទាប់ពីសម្តេច អញ្ជើញមកជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ នៅខេត្តបន្ទាយមានជ័យ ធ្វើឡើងពីរគោលដៅ នៅថ្ងៃទី២១ និងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ គឺគោលដៅទី១៖ នៅបរិវេណចំណុចទីទួលសុវត្ថិភាព (ផ្លូវជាតិលេខ៥-ផ្លូវវៀង) ភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី។ រីឯគោលដៅទី២៖ ផ្សារធំថ្មី បូរីជ័យII ចំការតាដោក ភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី។
សម្តេចតេជោ បន្តថា បន្ទាប់ពីសម្តេចអញ្ជើញជួបសួរសុខទុក្ខ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋរងគ្រោះ ប្រមាណ ២ម៉ឺនគ្រួសារ នៅខេត្តបន្ទាយមានជ័យហើយ សម្តេច និងឧបនាយករដ្ឋមន្ត្រី ព្រមទាំងរដ្ឋមន្ត្រីមួយចំនួន នឹងឡើងយន្តហោះ ពីខេត្តបន្ទាយមានជ័យ មកកាន់រាជធានីភ្នំពេញ ដើម្បីដឹកនាំ និងចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
សូមរម្លឹកថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដំណើរ តាមរថយន្ត ចាកចេញពីភ្នំពេញ ទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខ និងជួយឧបត្ថម្ភប្រជាជន ប្រមាណ ពីរម៉ឺនគ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។
សម្តេចតេជោ លើកឡើងថា សម្តេច នឹងបំពេញការងារពីរថ្ងៃ នៅខេត្តបន្ទាយមានជ័យ គឺថ្ងៃ២១ និងថ្ងៃ២២ ខែតុលា ឆ្នាំ២០២០ មុននឹងត្រឡប់មកភ្នំពេញវិញ ដើម្បីដឹកនាំការប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃ២៣ ខែតុលា ឆ្នាំ២០២០។
សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ជាខេត្ត ដែលរងគ្រោះធ្ងន់ជាងគេ និងយូរជាងគេ ដែលចាំបាច់ ត្រូវផ្តល់អាទិភាពសង្គ្រោះផង និងស្តារឡើងវិញ ក្រោយទឹកជំនន់ផង។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណសប្បុរសជន ដែលជួយផ្តល់ជាថវិកា សម្ភារៈ ស្បៀងអាហារ។ល។ តាមរយៈរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិ ឬចុះចែកផ្ទាល់ដល់ប្រជាជន ដែលរងគ្រោះ។
សម្តេច ក៏សូមកោតសរសើរចំពោះស្ថាប័នថ្នាក់ជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃក្រុមយុវជនទាំងអស់ ដែលបានចូលរួមជួយសង្គ្រោះប្រជាជននៅតំបន់រងគ្រោះ ដែលនេះ បានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំ និងទូលំទូលាយនៃជាតិយើង។
នៅពេលនេះ ខេត្តបន្ទាយមានជ័យ កំពុងរងគ្រោះខ្លាំង ដោយសារជំនន់ទឹកភ្លៀង ដែលហូរមកពីប្រទេសថៃ។ ក្នុងនោះ នៅក្រុងប៉ោយប៉ែត បានរងផលប៉ះពាល់ខ្លាំងជាងគេ៕




