(ពោធិ៍សាត់-បាត់ដំបង)៖ ដោយមើលឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលជួបគ្រោះជំនន់ទឹកភ្លៀង នៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងស្មារតីជួយគ្នាក្នុងគ្រាមានអាសន្ន លោកស្រី ម៉ន ដានី អគ្គនាយិកា ក្រុមហ៊ុន បុរី ម៉ន ដានី រៀល អុី ស្ទេត ឯ.ក និងស្វាមី ផង់ផាន់ ឃុនថាវង្ស នៅថ្ងៃទី១៥-១៨ ខែតុលា ឆ្នាំ២០២០នេះ បាននាំយកអំណោយជាច្រើន ជួយដល់ប្រជាពលរដ្ឋសរុប ៤.៣០០ គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង។
អំណោយទាំងអស់នោះ រួមមាន៖ អង្ករ ៤.៣០០តោន ទឹកបរិសុទ្ធ ៤.៣០០កេស និងមី ៤.៣០០កេស។
លោកស្រី ម៉ន ដានី បានលើកឡើងថា «ការផ្តល់ជូនអំណោយទាំងនេះ គឺកើតឡើងដោយសារទឹកចិត្តអាណិតស្រលាញ់ ក្នុងនាមជាប្រជាជាតិខ្មែរមិនប្រកាន់ឋានៈ បក្ខពួក ឬនិន្នាការនយោបាយអ្វីទាំងអស់។»
លោកស្រីប្តេជ្ញាថានឹងបន្តជួយប្រជាពលរដ្ឋតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ជាមួយគ្នានេះ លោកអភិបាលខេត្តទាំងពីរ បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ ស្តែងឲ្យឃើញអំពីការជួយគិតគូរ និងក្តីអាណិតស្រលាញ់ ចំពោះប្រជាពលរដ្ឋដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នាទៅវិញទៅមកនៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបទុក្ខលំបាក។
សមានចិត្តដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំ និងបុគ្គលិកបុរី KP ម៉ន ដានី នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលខេត្តពោធិ៍សាត់-បាត់ដំបង និងប្រជាពលរដ្ឋកម្ពុជាទាំងអស់។
ក្នុងគ្រោះអាសន្នដោយជំនន់ទឹកភ្លៀងនេះ ក្រុមហ៊ុនបុរី KP ម៉ន ដានី បានជួយប្រជាពលរដ្ឋរងដោយគ្រោះទឹកជំនន់ តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន និងខេត្តពោធិ៍សាត់ បាត់ដំបង រួមមានអង្ករ ៤.៣០០តោន ទឹកបរិសុទ្ធ ៤.៣០០កេស និងមី ៤.៣០០កេស៕




