(ក្រចេះ)៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ លោក ម៉ុក ពន្លក នាយខណ្ឌជលផល សហការជាមួយគណៈបញ្ជាការឯកភាពស្រុកឆ្លូងដឹកនាំដោយលោក ធីម ស៊ាងឡេង អភិបាលរងស្រុក ក្រុមប្រឹក្សាឃុំកញ្ជរ និងសហគមន៍នេសាទក្រគរ និងរកាកណ្តាល និងផ្នែកព្រែកប្រសព្វ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅចំនុចបឹងប្រាំង ឃុំកញ្ជរ ស្រុកឆ្លូង ដោយរឹបអូសបានវត្ថុតាងជាច្រើន។
លោក ម៉ុក ពន្លក បានឲ្យដឹងថា ប្រតិបត្តការបង្រ្កាបនេះគឺបានរុះរើ និងដកហូតបានរបាំងស្បៃមុងចំនួន២១ខ្សែ ប្រវែងប្រមាណជា១៣០០ម, លូស្បៃមុងចំនួន ២១មាត់លូ, របាំងសាច់អួននីឡុងក្រលាញឹក ៣ខ្សែ ប្រវែងប្រមាណជា២០០ម, លបសាច់អួនក្រលាញឹកចំនួន ៣គ្រឿង, បង្គោលចម្រឹងឫស្សី ៣១៥ដើម, ចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិប្រមាណ ៧០គក្រ។
រីឯវត្ថុតាងមួយចំនួនរួមមាន លូស្បៃមុង និងលបសាច់អួនក្រឡាញឹក ត្រូវបានសមត្ថកិច្ចចម្រុះធ្វើការបំផ្លាញចោលនៅនិងកន្លែង។ ដោយឡែក របាំងស្បៃមុង និងសាច់អួនក្រឡាញឹក បានដឹកយកទៅថែរក្សាទុកនៅផ្នែករជផ ព្រែកប្រសព្វ ដើម្បីទុកជូនអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយកទៅប្រើប្រាស់ក្នុងការងារកសិកម្ម នៅពេលមានការស្នើសុំ។
ជាមួយគ្នានេះ មន្ត្រីជលផលសូមអំពាវនាវ និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមគ្នា ជាពិសេសប្រជានេសាទ សូមយោគយល និងសុំអោយមានការចូលរួមដើម្បីថែរក្សា ការពារ នូវធនធានជលផលទាំងអស់គ្នា ជាពិសេសមិនត្រូវយកឧបករណ៍នេសាទខុសច្បាប់ ដែលច្បាប់ស្ដីពីជលផលបានធ្វើការហាមឃាត់ ដូចជា ឧបករណ៍ ឆក់ត្រី និងឧបករណ៍នេសាទស្បៃម៉ុង ជាឧបករណ៍នេសាទខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ហើយកុំយកមកធ្វើការនេសាទក្នុងដែនដីនេសាទ ទាំងបឹង,ទន្លេ,ព្រែក, ស្ទឹង និងអូរ ព្រោះថាឧបករណ៍ទាំងនេះបានបំផ្លិចបំផ្លាញ់ទាំងត្រីមេពូជ និងកូនត្រីតូចៗ សូម្បីតែកូនកំពិសក៍មិនសេះសល់ដែរ៕




