(ភ្នំពេញ)៖ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលមានលោកឧកញ៉ា លី ហួរ ជាប្រធាន ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកនៃសមាគម បានមូលមតិគ្នារួមគ្នាទិញ«អង្ករ» ផ្តល់ជូនសាលារាជធានីភ្នំពេញ ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ ដោយសារទឹកជំនន់។ មកដល់រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ទទួលបានអង្ករ ១៩០តោន ពីប្រធាន និងអនុប្រធានសមាគមចំនួន៥រូប។
សេចក្តីអំពាវនាវនិងការចូលរួមគ្នារបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានធ្វើឡើងដោយយល់ឃើញពីស្ថានភាពទឹកជំនន់ នៅតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ នៅតែបន្តការកើនឡើង និងមានតម្រូវការក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញ។
គិតត្រឹមរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ថ្នាក់ដឹកនាំសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលបានចូលរួមឧបត្ថម្ភអង្កររួមមាន៖
១. ឧកញ៉ា លី ហួរ ប្រធាន និងលោកជំទាវ ឧបត្ថម្ភ ៥០តោន
២. ឧកញ៉ា លាង ឃុន អនុប្រធាន និងលោកជំទាវ ឧបត្ថម្ភ ៥០តោន
៣. ឧកញ៉ា ថៃ ជាហួត អនុប្រធាន និងលោកជំទាវ ឧបត្ថម្ភ ៥០តោន
៤. ឧកញ៉ា ជាម ឃុនណាត អនុប្រធាន និងលោកជំទាវ ឧបត្ថម្ភ ២០តោន
៥. ឧកញ៉ា ប៊ុន ហៃ អនុប្រធាន និងលោកជំទាវ ឧបត្ថម្ភ ២០តោន។
លេខាធិការដ្ឋាននៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា រំពឹងថា សមាជិក សមាជិកា នឹងបន្តចូលរួមក្នុងចលនាមនុស្សធម៌នេះបន្ថែមទៀត ហើយនឹងរៀបចំពិធីប្រគល់អង្ករទាំងនេះជូនសាលារាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខ។
សូមជម្រាបថា ថ្មីៗនេះ ថ្នាក់ដឹកនាំសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានបរិច្ចាគថវិកា ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជួយដល់ជនរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងរួមមាន៖ លោកឧកញ៉ា លី ហួរ និងលោកជំទាវចំនួន១០ម៉ឺនដុល្លារ ក្រុមហ៊ុនជីបម៉ុងរបស់លោកឧកញ៉ា លាង ឃុន ចំនួន ៣០ម៉ឺនដុល្លារ លោកឧកញ៉ា ថៃ ជាហួត អគ្គនាយកក្រុមហ៊ុន ប៉េង ហួត ចំនួន២០ម៉ឺនដុល្លារ និងលោកឧកញ៉ា ជាម ឃុនណាត និងលោកជំទាវចំនួន២ម៉ឺនដុល្លារ៕




