(អន្តរជាតិ)៖ ក្រុមបាតុករថៃប្រមាណ ២,០០០នាក់ បានប្រមូលផ្តុំគ្នានៅកណ្ដាលទីក្រុងបាងកក កាលពីល្ងាចថ្ងៃទី១៦ ខែតុលា ដើម្បីទាមទារឱ្យមានកំណែទម្រង់នយោបាយ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។
ដោយកាលពីល្ងាចថ្ងៃសុក្រម្សិលមិញនេះប៉ូលីសបានប្រើកាណុងបាញ់ទឹកជាច្រើន ដើម្បីបំបែកក្រុមសកម្មជនវ័យក្មេងៗ ដែលបានព្យាយាមរុញប៉ូលីសត្រឡប់មកវិញ ហើយអ្នកខ្លះទៀតក៏បានគប់ដបទឹកសុទ្ធមកលើក្រុមប៉ូលីស។
ការប្រមូលផ្ដុំនេះគឺប្រឆាំងនឹងក្រឹត្យបន្ទាន់ថ្មីមួយ ដែលប្រទេសថៃទើបតែបានដាក់ចេញឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដើម្បីទប់ស្កាត់ក្រុមបាតុករ។ ជាក់ស្ដែងកាលពីម្សិលមិញនេះលោក ប្រាយុទ្ធ ចានអូចា បានព្រមានម្ដងហើយថា ប្រសិនបើចលាចលនៅតែមាន លោកនឹងចេញច្បាប់បំរាមគោចរបន្ថែមទៀត។
ពេលនេះមេដឹកនាំបាតុកម្មសំខាន់ៗជាច្រើននាក់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន រួមមានមេធាវីសិទ្ធិមនុស្សលោក Anon Nampa សកម្មជននិស្សិតលោក Parit Chiwarak និងកញ្ញា Panusaya Sithijirawattulul៕




