(ខេត្តកំពត)៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពត បានចេញសេចក្តីដំណឹង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ដោយប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានភូមិសាស្ត្ររស់នៅអមសងខាងដងព្រែកកំពង់បាយ ប្រុងប្រយ័ត្ន ចំពោះការជន់លិចលំនៅឋាន ដោយសារក្រុមហ៊ុនវារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វាររំដោះទឹក។
សេចក្តីជូនដំណឹង បានបញ្ជាក់ថា ស្ថានភាពទឹកក្នុងអាងទំនប់វារីអគ្គិសនីកំចាយ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧៖០០នាទីព្រឹក មានកម្ពស់ ១៤៨.៨៩ម៉ែត្រ ទឹកហូរចូលអាងមានចំនួន ៧៣៦.៥០ម៉ែត្រគូប ក្នុង ១វិនាទី។ ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនវារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វាររំដោះទឹក តាមលក្ខណៈបច្ចេកទេស ដោយសន្សឹមៗ ចេញពីទំនប់នាពេលឆាប់ៗនេះ ក្នុងករណីដែលមានភ្លៀងធ្លាក់នៅតែបន្តធ្លាក់។
សេចក្តីជូនដំណឹង បញ្ជាក់ថា ការបើកទ្វារទឹកនេះ អាចនឹងបណ្ដាលឱ្យជន់លិចនៅភូមិសាស្ត្រ នៅអមសងខាងដងព្រែកកំពង់បាយ ក្នុងទឹកដីខេត្តកំពត៕




