(ភ្នំពេញ)៖ បន្ទាប់ពីមានឥទ្ធិពលព្យុះ និងភ្លៀងខ្លាំង ស្ទើរទូទាំងប្រទេសមួយរយៈមក នៅថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២០ បានធ្វើឲ្យទឹកស្ទឹងព្រែកត្នោត ឡើងខ្ពស់ ហូរលើខ្នងទំនប់ ទឹកបែកវាល ជន់លិចដល់់សង្កាត់មួយចំនួន ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងកាលៈទេសៈនេះ ដោយបានទទួលបទបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បានដឹកនាំកម្លាំង ចុះដល់ទីតាំងលិចទឹក ដើម្បីចូលរួមសហការជាមួយកម្លាំងចម្រុះជាច្រើនទៀត ដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ មេបញ្ជាការរងនិងជានាយសេនាធិការ បញ្ជាការដ្ឋានអង្គរក្ស បានចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់ តាមសណ្តរស្ទឹងព្រែកត្នោត ក៏ដូចនាំយកមី ទឹកសុទ្ធ និងសម្ភារ: ថវិកាមួយចំនួនទៀត ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះផងដែរ៕




