(ភ្នំពេញ)៖ ក្នុងសារលិខិតចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានប្រកាស ថ្លែងអំណរគុណចំពោះលោកជំទាវឧកញ៉ា ង៉ូវ ម៉ុច និងឯកឧត្តមឧកញ៉ា ង៉ូវ ស្រ៊ុន ដែលបានឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ សម្រាប់ជួយសម្រាលដល់ការដោះស្រាយផលវិបាក ដោយសារទឹកជំនន់ ក្នុងគ្រាមានអាសន្ន។
ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «ខ្ញុំតែងតែមានមោទនភាពយ៉ាងជ្រាលជ្រៅ ដោយសារគុណធម៌ដ៏ថ្លៃថ្លារបស់ជនរួមជាតិយើង ដែលជានិច្ចកាល តែងតែបង្ហាញនូវសប្បុរសធម៌ និងសាមគ្គីធម៌ ជួយគ្នាទៅវិញទៅមក នៅក្នុងគ្រា មានអាសន្ន»។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះ ចំពោះជំនួយជាថវិកា ចំនួន ១០០ ០០០ ( មួយរយពាន់ ) ដុល្លារអាមេរិក ដែលលោកជំទាវ ឧកញ៉ា និងឯកឧត្តម ឧកញ៉ា បានផ្តល់ជាកិច្ចជួយសំរាលដល់ការដោះស្រាយផលវិបាក ដោយសារទឹកជំនន់ ដែលកើតចេញមកពីគ្រោះធម្មជាតិ នាពេលបច្ចុប្បន្ននេះ»៕




