ទូតកម្ពុជាប្រចាំប្រទេសថៃ ​ស្នើសុំ៤ចំណុចទៅរដ្ឋមន្ត្រីក្រសួងការងារថៃ ​ដើម្បីនាំប្រយោជន៍ ​និងជួយដល់ពលករខ្មែរ ​ក្នុងកំឡុងការរីករាលដាលជំងឺកូវីដ១៩​​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បាងកក)៖ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម​ អ៊ូក សោភ័ណ​ ឯកអគ្គរាជទូត អមដោយមន្ត្រីការទូតកម្ពុជា បានចូលជួបសម្តែងការគួរសម និងជួបប្រជុំការងារជាមួយឯកឧត្តម សុឆាត ឈុំគ្លិន រដ្ឋមន្ត្រីក្រសួងការងារថៃ នៅទីស្តីការក្រសួងការងារថៃ និងមានការចូលរួមពីក្រសួងពាក់ព័ន្ធ អាជ្ញាធរខេត្ត ស្រុករបស់ថៃ។

ស្ថានទូតបានស្នើសុំ ៤ចំណុចទៅរដ្ឋមន្ត្រីក្រសួងការងារថៃ ដូចខាងក្រោម៖

១-ស្នើសុំភាគីថៃជួយសម្រួលដល់ពលករកម្ពុជាដែលបានដំណើរការចូលមកធ្វើការក្នុងប្រទេសថៃតាមប្រពន្ធ័ MoU ប៉ុន្តែមិនទាន់បានដំណើរការឯកសាររួចរាល់ ដោយសារតែបញ្ហាវិបត្តជំងឺកូវីដ១៩ អាចស្នាក់នៅ និងធ្វើការបណ្តោះអាសន្ននៅថៃសិន និងរង់ចាំក្រសួងការងារថៃបើកឲ្យដំណើរការឯកសារ MoU ឡើងវិញ ។

២-ស្នើសុំបញ្ចុះតម្លៃទិដ្ឋាការស្នាក់នៅ ពី១, ៩០០បាត ក្នុង១ឆ្នាំ ទៅតម្លៃ ៥០០បាត សម្រាប់រយៈពេល២ឆ្នាំ ដល់ពលករខ្មែរ។

៣-ស្នើសុំសម្រួលបើកឱ្យនាំចូលពលករបរទេសចូលមកធ្វើការក្នុងប្រទេសថៃតាមប្រព័ន្ធ MOU ដោយបន្ធូរបន្ថយការចំណាយលើថ្លៃចត្តាឡីស័កចំនួន ១៤ថ្ងៃ។

៤-ស្នើសុំការនាំពលករចូលមកធ្វើការនៅខេត្តចាន់ថាក់បុរី ដើម្បីប្រមូលផលផ្លែមៀន ដោយឱ្យសមាគមន៍ និងនិយោជក ជាអ្នកទទួលបន្ទុកលើចំណាយក្នុងការចត្តាឡីស័ក ១៤ថ្ងៃ ដោយវគ្គដំបូងនឹងនាំពលករចំនួន ១,០០០នាក់ ដែលប្រើប្រាស់ប័ណ្ណព្រំដែន (border pass)។

ភាគីថៃបានឆ្លើយតប និងស្នើ:

-ភាគីថៃនឹងពិភាក្សាផ្ទៃក្នុងបន្ទាន់លើចំនុចទាំង៤ ខាងលើ និងជម្រាបមកភាគីកម្ពុជាវិញឲ្យបានឆាប់ ។

-ស្នើឲភាគីកម្ពុជាជួយពន្លឿនបញ្ជូនពលករចំនួន ១,០០០នាក់ ដែលប្រើប័ណ្ណព្រំដែន ចូលតាមច្រកបានឡែម ខេត្តចាន់ថាក់បុរី និងច្រកដូង ខេត្តបាត់ដំបង៕



អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី