(ហុងកុង)៖ ប៉ូលិសហុងកុងបានឃាត់ខ្លួនមនុស្សជាង ៨០នាក់ ពីបទចូលរួមក្នុងការជួបជុំខុសច្បាប់ និងបទល្មើសផ្សេងៗកាលពីថ្ងៃព្រហស្បតិ៍ ដែលជាថ្ងៃខួបលើកទី៧១ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០។
ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ បានរៀបចំការដើរតវ៉ា ឱ្យចំទិវាជាតិចិនជារៀងរាល់ឆ្នាំ ប៉ុន្តែប៉ូលិសបានច្រានចោលពាក្យសុំដើរក្បួននៅឆ្នាំនេះដោយលើកឡើងពីហានិភ័យនៃការឆ្លងវីរុសកូវីដ-១៩។
យ៉ាងណាក៏ដោយមនុស្សជាច្រើនបានឆ្លើយតបទៅនឹងការអំពាវនាវឱ្យមានការធ្វើបាតុកម្មនៅលើបណ្តាញសង្គមនិងបានប្រមូលផ្តុំគ្នានៅទីប្រជុំជននៃកោះហុងកុងកាលពីថ្ងៃព្រហស្បតិ៍។ ពួកគេបានអំពាវនាវឱ្យមានឯករាជ្យភាពនិងសេរីភាពសម្រាប់ហុងកុង។
ចំណែកខាងអាជ្ញាធរវិញក៏បានដាក់ពង្រាយប៉ូលិសដើរល្បាតប្រហែល ៦,០០០នាក់ ខណៈបានបញ្ជាបាតុករម្តងហើយម្តងទៀតឱ្យបំបែកហ្វូងចាកចេញភ្លាមៗ។ ប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន ៨៦នាក់ ក្នុងនោះមានសមាជិកក្រុមប្រឹក្សាស្រុកចំនួន ៤នាក់។
សូមរំលឹកថាគិតមកទល់ពេលនេះគឺរយៈពេល ៣ខែ ដែលច្បាប់សន្តិសុខជាតិបានចូលជាធរមាន ដោយស្ទើរគ្រប់បាតុកម្មត្រូវបានហាមឃាត់ ដោយហេតុផលសន្តិសុខ និងដោយហេតុកូរ៉ូណាវីរុស ច្បាប់នេះបាននាំឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនូវចំនួនបាតុកម្ម និងការប្រមូលផ្តុំធំៗ៕


![]()


