(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១៣ ខែតុលានេះ បានឲ្យដឹងថា មានរោងម៉ាស៊ីន កិនស្រូវ មួយបានប្រកាសទិញស្រូវសើម ដើម្បីជួយប្រជាកសិករក្នុងស្ថានភាពទឹកជំនន់បែបនេះ។
ទំព័រហ្វេសប៊ុកសហព័ន្ធស្រូវអង្ករកម្ពុជា បានសរសេរថា៖ «ដោយស្ថិតនៅក្នុងស្ថានភាពទឹកជំនន់បែបនេះ ខាងរោងម៉ាស៊ីន កិនស្រូវ ថន ជា យើងខ្ញុំ សូមចូលរួមជួយប្រជាកសិករតាមរយះ ទទួលទិញស្រូវសើម សើមបែបណាក៏ដោយសើមជោគក៏ដោយ ដោយក្នុងតម្លៃសមរម្យណាមួយសំរាប់គាត់ និងបងប្អូនប្រជាកសិករអាចជួលសំងួតបានបើខ្វះខាតពូជមិនទាន់ចង់លក់ស្រូវ (ព្រោះយើងដឹងថា បើច្រូតសើមពេក មិនមានថ្ងៃ សំរាប់បងប្អូនហាលស្រូវទេ ) #រួមគ្នាដើម្បីកសិករយើង Tel :097 63 74 168»។
ជាមួយគ្នានេះដែរ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានចេញសេចក្តីអំពាវនាវមួយដោយបញ្ជាក់ថា ដោយស្ថានភាពនៃគ្រោះទឹកជំនន់នាពេលបច្ចុប្បន្នមានការកើនឡើងយ៉ាងគំហុកនៅតាមបណ្តាខេត្តមួយចំនួននៃតំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា ដែលជាហេតុបង្ករឱ្យមានផលប៉ះពាល់ខ្លាំងទៅដល់ស្រូវដែលកំពុងនឹងត្រូវប្រមូលផលនាពេលខាងមុខ ហើយស្របពេលមានការផ្អាកចរាចរណ៍នៃរថយន្តធំៗសម្រាប់ដឹកទំនិញ រួមទាំងស្រូវផងដែរ។
អាស្រ័យដូចនេះ សហព័ន្ធស្រូវអង្ករកម្ពុជា សូមអំពាវនាវដល់សាមាជិក សមាជិកាដែលមានរោងមាស៊ីនកិនស្រូវដែលនៅជិតទីតាំងស្រែ សូមជួយធ្វើការទិញស្រូវសើមពីប្រជាកសិករក្នុងតម្លៃសមរម្យឱ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាន។
សម្រាប់ប្រជាកសិករដែលកំពុងជួបបញ្ហាប្រឈមទាំងនេះសូមទំនាក់ទំនងមកកាន់លេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា តាមរយៈលេខទូរស័ព្ទ ០១៧ ៧២៨ ៧២៨/០១២ ២២១ ២៥៤/ ០១០ ២២១ ២៥៤៕




