(ខេត្តបាត់ដំបង)៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង បានប្រកាសផ្អាកបណ្តោះអាសន្ន មិនឲ្យរថយន្តធុនធំគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ផ្លូវខេត្ត ផ្លូវជាតិ ទូទាំងខេត្តបាត់ដំបង។ មូលហេតុ ដោយសារតែភ្លៀងធ្លាក់ច្រើនយ៉ាងដំណំ បានបណ្តាលឲ្យផ្លូវទូទាំងខេត្តបាត់ដំបង រងនូវការខូចខាតយ៉ាងខ្លាំង។
សេចក្តីជូនដំណឹង បានលើកឡើងថា «ដើម្បីការពារសុវត្ថិភាពធ្វើដំណើរ ជូនបងប្អូនប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់ ដែលអាចកើតមានឡើងជាយថាហេតុ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង សូមធ្វើការផ្អាកបណ្តោះអាសន្ននូវរថយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ទូទាំងខេត្តបាត់ដំបង ចាប់ពីពេលជូនដំណឹងនេះតទៅ ហើយនឹងធ្វើការបើកឲ្យចរាចរណ៍ឡើងវិញនូវ រថយន្តធុនធំគ្រប់ប្រភេទ បន្ទាប់ពីស្ថានភាពទឹកជំនន់ថយចុះ និងក្រោយការជួសជុលរួចរាល់»។
សូមរម្លឹកថា កាលពីព្រឹកថ្ងៃទី១១តុលានេះ អាជ្ញាធរខេត្តពោធិ៍សាត់ បានប្រកាសផ្អាកជាបណ្តោះអាសន្ន មិនឲ្យរថយន្តធំ បើកឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៥ នៅទីរួមខេត្តពោធិ៍សាត់ឡើយ។ មូលហេតុដោយសារតែជំនន់ទឹកភ្លៀង៕



