(ខេត្តប៉ៃលិន)៖ ជំនន់ទឹកភ្លៀង ដែលកើតឡើង នៅខេត្តប៉ៃលិន កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ដោយសារភ្លៀងធ្លាក់ រយៈពេល ២ថ្ងៃ គឺថ្ងៃទៅ០៩ និងថ្ងៃទី១០ ខែតុលា ក្នុងកម្រិតពី ១០៩-២១០ ម.ម បានបង្កការជន់លិចភូមិឋានប្រជាពលរដ្ឋ តាមតំបន់ទំនាប ពិសេសតាមមាត់ស្ទឹង និងអូរ ដែលប៉ះពាល់ដល់ផ្ទះ ៤៧៧ ខ្នង សាលារៀន ០១កន្លែង វត្ត ០១កន្លែង ផ្លូវ និងដីស្រែចំការជាច្រើនទៀត។
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ជំនន់ទឹកភ្លៀងនេះ កើតឡើងនៅក្នុងឃុំចំនួន២ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានបន្ថែមថា នៅពេលរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹក ចាប់ផ្តើមស្រកចុះ ជាមធ្យម ០,៥ ម ដែលធ្វើឲ្យផ្ទះប្រជាពលរដ្ឋមួយចំនួន បានស្រកផុតទឹក។ ប៉ុន្តែដោយសារកាលពីយប់ថ្ងៃទី១០តុលា ភ្លៀងបានបន្តធ្លាក់ ក្នុងកម្រិតពី ១២-៨៩ ម.ម ស្ថានភាពនេះ បានបង្កឲ្យការជន់លិចកើតឡើងជាថ្មី និងជន់ចូលផ្ទះថ្មីបន្ថែម ចំនួន ២៥ខ្នងផ្ទះបន្ថែមទៀត ដែលធ្វើផ្ទះប៉ះពាល់សរុបចំនួន ៤៧៧ ខ្នងផ្ទះ។
ទោះយ៉ាងណាក៏ដោយ សម្រាប់ខេត្តប៉ៃលិន ប្រសិនបើមិនមានភ្លៀងធ្លាក់ច្រើនទេ នោះស្ថានភាពជំនន់នេះ នឹងថយចុះភ្លាមៗផងដែរ៕




